សារព័ត៌មានSCMPនៅថ្ងៃទី២៨ខែកញ្ញា បានផ្សាយថា បណ្តាមន្ត្រីការបរទេសអាមេរិក មុនពេលជួបជាមួយមន្ត្រីកោះហុងកុង គឺត្រូវទទួលបានការអនុញ្ញាតពីក្រសួងការបរទេសចិនជាមុនសិន។
ច្បាប់ថ្មីខាងលើរបស់ចិនគឺជាវិធានការទប់ស្កាត់ការធ្វើដំណើរចុះឡើងរបស់មន្ត្រីអាមេរិកទៅជួបមន្ត្រីកោះហុងកុង និងជាការតបតទៅលើការហាមប្រាមរបស់អាមេរិកសម្រាប់មន្ត្រីចិននៅក្នុងទឹកដីអាមេរិកផងដែរ ។
លោក Felix Chung Kwok-pan មេដឹកនាំគណបក្សសេរីបានឲ្យដឹងថា ស្ថាប័នទទួលបន្ទុកកិច្ចការបរទេសរបស់ទីក្រុងប៉េកាំងប្រចាំនៅហុងកុង កាលពីពេលកន្លងមកបានប្រកាសថា នេះមិនមែនជាពេលវេលាសមស្របដើម្បីឲ្យមន្ត្រីអាមេរិក មកជួបជាមួយមន្ត្រីកោះហុងកុងនោះទេ ក្នុងនោះជួបជាមួយមេបក្សប្រឆាំង។
លោកFelix Chung Kwok-pan បាននិយាយទៅកាន់សារព័ត៌មានSCMPថា«ការិយាល័យក្រសួងការបរទេសចិនប្រចាំនៅហុងកុងបានប្រកាសថា រាល់ជំនួបជាមួយមន្ត្រីកោះហុងកុង គឺត្រូវតែសុំការអនុញ្ញាតពីក្រសួងការបរទេសចិនជាមុន។
កន្លងមកថ្មីៗ រដ្ឋមន្ត្រីការបរទេស អាមេរិក លោកMike Pompeo បានប្រកាសថា មន្ត្រីការបរទេស ចិននៅអាមេរិកគឺត្រូវសុំការអនុញ្ញាតជាមុនបើចង់ជួបជាមួយមន្ត្រីក្នុងតំបន់នៅលើទឹកដីអាមេរិក ៕ដោយ៖ធី រីណា