ប្រធានាធិបតីកូរ៉េខាងត្បូង ហាក់បីដូចជាមិនថ្កោលទោស កូរ៉េខាងជើងនោះឡើយ ផ្ទុយទៅវិញលោកបានចាត់ទុកថាការសុំទោសរបស់មេដឹកនាំគីម ជុងអ៊ុន គឺជារឿងមិនធ្លាប់កើតមានឡើង ។ ការដែលមន្ត្រីកូរ៉េខាងត្បូងត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់នៅព្រំដែន មានអត្ថន័យនយោបាយ ស៊ីជម្រៅ។
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអុីន បានចាត់ទុកការសុំទោសរបស់មេដឹកនាំ គីម ជុងអ៊ុន ជាករណីពិសេសមិនធ្លាប់កើតមានឡើយ ។ មន្ត្រីកូរ៉េខាងត្បូង បានបញ្ជាក់ថា ប្រទេសទាំងពីរនឹងតភ្ជាប់កិច្ចពិភាក្សាឡើងវិញក្នុងពេលឆាប់ៗខាងមុខដើម្បីឈានដល់សន្តិភាពពេញលេញ។
ប្រធានាធិបតី មូន ជេអុីន បានប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ថា «ទាំងនោះជារឿងពិសេសមិនធ្លាប់មាន ហើយការសុំទោសនោះគឺចេញពីមាត់របស់មេដឹកនាំ គីម ជុងអ៊ុន ផ្ទាល់ និងធ្វើឡើងភ្លាមៗក្រោយ ទទួលបានព័ត៌មានថា មន្ត្រីកូរ៉េខាងត្បូងត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់ តាមច្បាប់ការពារព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។
នៅក្នុងសេចក្តីប្រកាសផ្ញើមកកាន់ទីក្រុងសេអ៊ូល មេដឹកនាំ គីម ជុងអ៊ុនបាននិយាយថា «សុំទោស ដែលរឿងរ៉ាវកើតឡើងដោយអចេតនា និងមិនអាចទទួលយកបាន»។ការសុំទោសខាងលើបានបង្ហាញយ៉ាងច្បាស់ថា មេដឹកនាំកូរ៉េខាងជើង បានត្រួតពិនិត្យយ៉ាងល្អិតល្អន់ ហើយមិនចង់ឲ្យទំនាក់ទំនងប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នា។
ប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងផងដែរថា ហេតុការណ៍ខាងលើ នឹងក្លាយទៅជាកម្លាំងជំរុញដល់ប្រទេសទាំងពីរតភ្ជាប់កិច្ចពិភាក្សា បង្កើតទំនាក់ទំនងល្អប្រសើរជាប្រទេសបងប្អូន ជួយគ្នាទៅវិញទៅមក៕ដោយ៖ធី រីណា