ព័ត៌មានទាន់ហេតុការណ៍៖

ចាប់អូសដៃយាយគំរាមយកទៅរំលោភ លុះព្រឹកឡើងប្ដឹងនគរ បាលឃាត់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើស្រ្តីជាជនរងគ្រោះ ដោយបានធ្វើសកម្មភាពគំរាម និងអូសរហូតដល់មាត់បឹងខាងក្រោយផ្ទះ តែរំលោភមិនបានសម្រេច។

 ករណីសមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈខាងលើ ធ្វើឡើងនៅវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិកំពង់ខ្ញុំ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ហៀន ដៀល ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុ ។

ចំណែកស្រ្តីរងគ្រោះឈ្មោះ រ.យ អាយុ ៥៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ។

 ប្រភពដដែលបន្តទៀតថា ស្រ្តីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលថា នៅវេលាម៉ោងប្រមាណជាង៧យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យ(ហៀន ដៀល)បានធ្វើសកម្មភាពមកលើគាត់ នៅគ្រាដែលគាត់កំពុងនៅក្រោមផ្ទះ ដោយគំរាមអារ.ក។ មិនតែប៉ុណ្ណោះថែមទាំងអូសដៃយកទៅចំណុចមាត់បឹងកំពង់ខ្ញុំ ផ្នែកខាងក្រោយផ្ទះចម្ងាយប្រមាណ៦០ម៉ែត្រ បំណងរំលោភសេពសន្ថវ:តាមរយ:ការគំរាម និងបង្ខំរូបគាត់ដោះសម្លៀកបំពាក់ បើពុំដូច្នោះទេវានឹងអារ.កសម្លាប់ចោល។ ប៉ុន្តែសំណាងល្អពេលនោះបានកូនរបស់គាត់បំភ្លឺភ្លើងពិលស្រែកហៅម្ដាយ ធ្វើឲ្យជនសង្ស័យ(ហៀន ដៀល)គ្មានឱកាសភិតភ័យរត់គេចបាត់ទៅ ។

 ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យ(ហៀន ដៀល) ក្រោយសមត្ថកិច្ចឃាត់ខ្លួនបាននាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ និងបានធ្វើតេស្ដទឹកនោមរកសារធាតុញៀនឃើញវិជ្ជមានទៀតផង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបំពេញសំណុំបែបបទកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ដើម្បីចាត់ការតាមច្បាប់ ៕ 

ដោយ៖បុឹម ពិន


ចែករំលែក៖