ខេត្តព្រះសីហនុ៖ នៅតែមានកងកម្លាំងធុនៗហ្នឹង អត់ខ្លាចខ្នោះ គុក អស់បុណ្យស័ក្តិ តួនាទីទេអី បើស្នេហាតែការបាញ់បោះសេរី ក្នុងប្រទេសគ្រប់គ្រងដោយច្បាប់នោះ។ ទោះជារត់ក៏គេចមិនរួចពីការប្រមាញ់របស់សមត្ថកិច្ចដែរ ខណៈស្គាល់អត្តសញ្ញាណហើយនោះ។
សូមជម្រាបថា៖ មានករណីឈ្លោះគ្នាជាមួយនារីដ៏វ័យក្មេង ឈានដល់មន្ត្រីយោធាពាក់ស័ក្ដិ៤កន្លះ ម្នាក់ បានដកកាំភ្លើងខ្លីបាញ់បង្អើលឡើងលើ២គ្រាប់ រួចប្រញាប់បើករថយន្តរត់ចេញទៅ យកតែម៉ារួចខ្លួនពីការតាមប្រមាញ់របស់សមត្ថកិច្ចសិន ប៉ុន្តែបន្សល់ទុកសំបកកាទុស្ស២គ្រាប់ ។
ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង ២១៖៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះធ្វើបុណ្យ០៧ថ្ងៃ ស្ថិតក្នុងភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ គឺមិនត្រឹមតែផ្អើលដល់ភ្ញៀវមកចូលបុណ្យសពនោះទេ ថែមទាំងផ្អើលដល់ម្ចាស់ដើមទាន ប្រធានដើមបុណ្យទៀតផង ដោយសារតែជនសង្ស័យធ្វើឱ្យកំពុបបុណ្យ ម្នាក់ៗព្រលឹងចុងសក់។
លោកវរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា ៖ នៅទីតាំងខាងលើនាយប់កើតហេតុនោះ ពិតជាមានករណីបាញ់គំរាមប្រាកដមែន, បុរសសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ភិន សៅសាយ័ណ្ហ ជាមន្ត្រីយោធា ពាក់ស័ក្ដិ៤ កន្លះ មានទីលំនៅ រាជធានីភ្នំពេញ បានប្រើអាវុធខ្លី (មិនស្គាល់ម៉ាក) បាញ់ឡើងលើ២គ្រាប់ ដើម្បីគំរាមស្រីក្មេងម្នាក់ឈ្មោះ ចៅ វន្នី អាយុ ២៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។ ភ្លាមៗ ជនដៃដល់ បានបើករថយន្តម៉ាក វីហ្គោ ពណ៌.ស ពាក់ស្លាកលេខ ( រដ្ឋ ) រត់គេចខ្លួនបាត់។
មូលហេតុដែលធ្វើឱ្យមន្ត្រីយោធា បាញ់គំរាមនោះ គេនៅពុំទាន់ដឹងជាក់លាក់នៅឡើយទេ គ្រាន់តែដឹងថា ពួកគេបានឈ្លោះគ្នា។ ទោះបីជាយ៉ាងណា សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណជនបង្កហើយ និងកំពុងអនុវត្តនីតិវិធីតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋបានលើកឡើងថា៖ បើសិនសមត្ថកិច្ចយកចិត្តទុកដាក់តាមជំនាញរបស់ខ្លួន ជនបង្កជាយោធាពាក់ស័ក្តិ៤កន្លះ រត់មិនរួចទេ គឺត្រូវខ្ញីរបស់សមត្ថកិច្ច។ អាចជននេះចូលខ្លួនសារភាពផង ព្រោះរត់លាក់តែមុខ គូទនៅកណ្តាលវាល ខណៈស្គាល់អត្តសញ្ញាណ ។ លើកលែងតែជនសង្ស័យប្រើឯកសណ្ឋានក្លែងក្លាយ នោះទើបពិបាករក ៕
ដោយ៖ សិលា