ព័ត៌មានទាន់ហេតុការណ៍៖

ហង្សក្រហម Liverpool បំបាក់កាំភ្លើងធំ Arsenal ៣ទល់១ បន្តឈ្នះ៣ប្រកួតជាប់គ្នា

ចែករំលែក៖

ក្រុមអតីតម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ហង្សក្រហម Liverpool បានបន្តភាពមិនដែលចាញ់របស់ខ្លួនជាលើកទី៣ជាប់ៗគ្នាក្នុងការប្រកួតរដូវកាលថ្មីនេះ ដោយបានបំបាក់ក្រុមភ្ញៀវកាំភ្លើង Arsenal ក្នុងលទ្ធផល ៣ទល់១ កាលពីរាត្រីម្សិលមិញ។

ក្នុងការប្រកួតសម្រាប់តង់ទី១គូនេះ ក្រុមភ្ញៀវមានឱកាសរកគ្រាប់បាល់នាំមុខមុននៅនាទីទី២៥ ដោយកីឡាករ Alexandre Lacazette ប៉ុន្តែនៅនាទីទី២៨ ខ្សែប្រយុទ្ធ Sadio Mane រកបាន១គ្រាប់សងវិញ ហើយនៅនាទីទី៣៤ ក្នុងតង់ទី១ដដែលកីឡាករ Andrew Robertson របស់ក្រុមហង្សក្រហមរកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យចប់តង់ទី១ ក្រុមហង្សក្រហមនាំមុខក្រុមកាំភ្លើងធំ ២ទល់១។

ចូលដល់តង់ទី២ កីឡាករចំណូលថ្មី Diogo Jota ដែលបានចុះហត្ថលេខាថ្មីក្នុងតម្លៃ៤៥លានផោនរបស់ក្រុមហង្សក្រហម Liverpool បានរកគ្រាប់បាល់បញ្ចូលទីក្នុងទឹកដីខ្លួនឯងនៅនាទីទី៨៨។

លទ្ធផលនេះធ្វើឲ្យក្រុម Liverpool បន្តរកបាន៣ពិន្ទុបន្ថែមទៀតសម្រាប់រដូវកាលថ្មី ក្នុងសប្តាហ៍ទី៣ ពោលគឺទទួលបាន៩ពិន្ទុពេញឈរលំដាប់លេខ២បណ្តោះអាសន្នក្នុងតារាងលីគកំពូលអង់គ្លេសក្រោមក្រុម Leicester City ដែលមាន៩ពិន្ទុដែរ តែឈ្នះគ្រាប់បាល់។ ក្រុមហង្សក្រហមនឹងត្រូវប៉ះក្រុម Aston Villa បន្តទៀតនៅថ្ងៃទី៥ ខែតុលា ខណៈដែលក្រុមកាំភ្លើងធំនឹងត្រូវប៉ះក្រុម Sheffield United នៅថ្ងៃទី៤ ខែតុលា ក្នុងការប្រកួតក្របខ័ណ្ឌលីគកំពូលអង់គ្លេស ៕ដោយ៖ភារៈ


ចែករំលែក៖