ព័ត៌មានទាន់ហេតុការណ៍៖

ហ្វុីលីពីនបន្តអនុវត្តច្បាប់​គម្លាតសង្គមនៅទីក្រុង​ម៉ានីលដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩

ចែករំលែក៖

កាលពីថ្ងៃទី​២៨ ខែកញ្ញា ប្រធានាធិបតីហ្វុីលីពីន​លោក ​Rodrigo Duterte បានប្រកាសថា នឹងបន្តច្បាប់គម្លាតសង្គមនៅទីក្រុងម៉ានីល​បន្ថែមមួយខែទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។​ច្បាប់ទប់ស្កាត់ការឆ្លងកូវីដ​-១៩ ត្រូវអូសបន្លាយដល់ថ្ងៃទី​៣១ខែតុលា​។
នៅក្នុងសុន្ទរកថា​ដែលបានផ្សាយតាមបញ្ចក់ទូរទស្សន៍ ប្រធានាធិបតី Duterte​បានអំពាវនាវ​ដល់ ក្រុមហ៊ុនទូរគមនាគមន៍បន្តអនុវត្តការងាររបស់ខ្លួនឱ្យបានល្អប្រសើរជាងនេះ​ចំពោះសាលារៀនឯកជន​ដើម្បី​ធានាដល់ការបង្រៀនតាមអនឡាញប្រកបដោយប្រសិទ្ធភាព ។ ការបង្រៀនតាមអនឡាញនឹងត្រូវបើកដំណើរការវិញហើយនៅថ្ងៃទី​៥ ខែតុលា ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ហ្វុីលីពីន​ បានបញ្ជាក់ថា​ បានរកឃើញ​​ករណីឆ្លងកូវីដ​-១៩​ថ្មីចំនួន៣.០៧៣នាក់ និងស្លាប់​៣៧នាក់ ។ មកដល់ថ្ងៃនេះ​ហ្វុីលីពីន​មានអ្នកឆ្លងសរុបកើនឡើងដល់ទៅ ៣០៧.២៨៨ នាក់ និងស្លាប់​៥.៣៨១នាក់ច្រើនបំផុត​ក្នុងតំបន់អាស៊ាន​។
បច្ចុប្បន្ននៅលើពិភពលោកមានករណីឆ្លងកូវីដ​-១៩​ដល់ទៅ​ជាង​៣៣,៥លាននាក់និងស្លាប់ជាង​១លាននាក់ ​ក្នុងនោះមាន​៤ប្រទេសមានអ្នកឆ្លងលើសពី​១លាននាក់ គឺអាមេរិក មានអ្នកឆ្លងជាង៧លាននាក់, ឥណ្ឌាមានអ្នកឆ្លងជាង​៦លាននាក់, ប្រេស៊ីលមានអ្នកឆ្លងជាង៤លាននាក់ និងរុស្ស៊ីមានអ្នកឆ្លងជាង​១លាននាក់​។
សូមបញ្ជាក់ថា ក្នុងចំណោម​ប្រទេសនិងដែនដីទាំង​២១៣ ហ្វុីលីពីនឈរលំដាប់ទី​២១​ក្នុងតារាងរបស់គេហទំព័រ Worldometers និងឈរលំដាប់លេខ​៤ក្នុងតំបន់អាស៊ី បន្ទាប់ពី ឥណ្ឌា បង់ក្លាដែស និងអុីរ៉ាក់​៕ដោយ៖ធី រីណា


ចែករំលែក៖