ខេត្តស្ទឹងត្រែង៖ រថយន្តស៊េរីទំនើបមួយគ្រឿងបើកបរដោយស្ត្រីវ័យ៤៧ឆ្នាំម្នាក់ ដែលគេដឹងថាជាភរិយាលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង បានបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យស្លាប់មនុស្សម្នាក់នៅនិឹងកន្លែងកើតហេតុភ្លាមៗ ដោយម៉ូតូប៉ើងចូលព្រៃ ខណ:ដែលម៉ូតូបើកបរពីជើងទៅត្បូង ហើយបានបត់ទៅទិសខាងកើតមិនប្រយ័ត្នក៏ត្រូវបានរថយន្តស៊េរីទំនើបបើកបរពីត្បូងទៅជើងបុកម៉ូតូពេញទំហឹង បណ្តាលឱ្យបុរសជាអ្នកបើកម៉ូតូស្លាប់នៅលើកំណាត់ផ្លូវជាតិលេខ៧ នៅចំណុចហួសផ្លូវច្រមុះជ្រូកចម្ការម៉ៃសាក់បន្តិច ទល់មុខវត្តទូលរាជា(ហៅវត្តគីឡូ៧) ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង៦៖២០នាទីព្រលប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។
យោងតាមរបាយការណ៍នគរបាលចរាចរណ៍បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងរវាងរថយន្តស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខស្ទឹងត្រែងB-1134 ពណ៌សក្នុងទិសដៅពីត្បូងទៅជើង។ អ្នកបើកបររថយន្តឈ្មោះស៊ី សុវណ្ណនី ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិស្ពានថ្ម សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។ រីឯអ្នកបើកម៉ូតូឈ្មោះទិត្យ ណែម ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង បើកបរម៉ូតូពីជើង រួចក៏បត់ទៅកើតមិនប្រយ័ត្ន ធ្វើឲ្យរថយន្តជាន់ហ្វ្រ័ងមិនទាន់ព្រោះបើកបរក្នុងល្បឿនលឿនក៏បុកនម៉ូតូពេញទំហឹងតែម្តង។
បើតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញនគរបាលចរាចរណ៍បញ្ជាក់ថា: រថយន្តបើកបរក្នុងល្បឿនលឿន ហើយស្របគ្នានិឹងអ្នកបើកម៉ូតូបានល្មើសច្បាប់ចរាចរណ៍ផង បត់ឆ្វេងមិនប្រយ័ត្នផង ទើបធ្វើឱ្យរថយន្តឈប់មិនទាន់ក៏បុកម៉ូតូពេញទំហឹងតែម្ដង។
លោកណាវ វណ្ណី នាយរងការិយាល័យចរាចរណ៍ផ្លូវគោកបានឱ្យដឹងនៅថ្ងៃទី២៩ខែកញ្ញានេះថា: រថយន្តនិងម៉ូតូដែលជាវត្ថុតាង ត្រូវបាននាំយកមករក្សាទុកនៅការិយាល័យនគបាលចរាចរណ៍ នៃស្នងការដ្ឋាននគបាលខេត្ត ហើយលោកកំពុងរៀបចំឯកសារសំណុំរឿង បញ្ចូនទៅតុលាការដោះស្រាយតាមផ្លូវច្បាប់ ទាំងវត្ថុតាងខាងលើ។ លោកថារឿងនេះគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតមនុស្សហើយ លោកមិនអាចដោះស្រាយបានទេ។ចំណែកជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ក៏បានប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ មាស សុផាត