ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១០ តាមប្រព័ន្ធវីដេអូ ​នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១០ (តាមប្រព័ន្ធវីដេអូ) ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។ ដោយបញ្ជាក់ថា៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១០ តាម ប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធាន លោក ជាម បិញមិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវ កាង ក្នុងវ៉ា រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំបានគូសបញ្ជាក់សារជាថ្មីពីតួនាទីសំខាន់នៃភាពជាដៃគូមេគង្គ -សាធារណរដ្ឋកូរ៉េ ក្នុងការ កាត់បន្ថយគម្លាតអភិវឌ្ឍន៍នៅក្នុងចំណោមប្រទេសអាស៊ាន និងក្នុងការសម្រេចបាននូវ – ចក្ខុវិស័យ សហគមន៍ អាស៊ានឆ្នាំ២០២៥”។

រដ្ឋមន្ត្រីនៃបណ្តាប្រទេសមេគង្គ បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតពីការគាំទ្រយ៉ាងមុតមាំ ចំពោះ – គោលនយោបាយភាគខាងត្បូងថ្មី – របស់សាធារណរដ្ឋកូរ៉េ ដោយផ្អែកលើសសរស្តម្ភបី គឺ ប្រជាជន វិបុលភាព និងសន្តិភាព ដូចមានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ទន្លេមេគង្គ-ទន្លេហាន ។ រដ្ឋមន្ត្រី ការបរទេសទាំងអស់ បានសង្កត់ធ្ងន់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងវិស័យឯកជន និងវិស័យ សាធារណៈ ដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងចីរភាពនៅក្នុងតំបន់ និងបានចែក រំលែកនូវទស្សនៈថា វេទិកាធុរកិច្ចមេគង្គ -សាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សាធុរកិច្ចមេគង្គ-សាធាណរដ្ឋកូរ៉េ បានពង្រឹងនូវចំណងទំនាក់ទំនងសេដ្ឋកិច្ច រវាងសាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេសមេគង្គ។ លើសពីនេះ កម្រិតនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ទៅជាភាពជាដៃគូយុទ្ធសាស្រ្ត។
នៅអំឡុងពេលនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញពីការស្វាគមន៍ យ៉ាងកក់ក្តៅ និងការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះសំណើរបស់សាធារណរដ្ឋកូរ៉េ ក្នុងការតម្លើង កម្រិតនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដែលនេះស្របទៅ នឹងគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីឆ្នាំមុន ក្នុងការតម្លើង កម្រិតយន្តការនៃកិច្ចប្រជុំនេះ ទៅដល់កម្រិតកិច្ចប្រជុំកំពូល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូស បញ្ជាក់អំពីការបញ្ចប់ដោយជោគជ័យនៃគម្រោង “ការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក នៅលើ ដងទន្លេមេគង្គភ្ជាប់ទៅនឹងបឹងទន្លេសាប”។ បន្ថែមពីនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌របស់សាធារណរដ្ឋកូរ៉េ ដែលមានទឹកប្រាក់ប្រមាណ៣០០.០០០ដុល្លារអាមេរិក ក្នុងនោះ រួមមានបរិក្ខារវេជ្ជសាស្រ្តសម្រាប់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងអង្គប្រជុំថា “ផ្អែកលើលក្ខណៈសម្បត្តិយ៉ាងជាក់ស្តែង យើងសូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់សាធារណរដ្ឋកូរ៉េ ក្នុងការរួមចំណែក និងការយកចិត្ត ទុកដាក់ជាចម្បងលើការអភិវឌ្ឍនៅក្នុងតំបន់មេគង្គ និងការសម្រេចឱ្យបាននូវសហគមន៍អាស៊ាន ដែលជា វិសាលភាពដ៏ធំធេងនៅក្នុងក្របខ័ណ្ឌនេះ»។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ ដោយ ផ្តោតលើនិរន្តរភាពដ៏យូរអង្វែងនៃកិច្ចសហប្រតិបត្តិការរបស់យើង ខ្ញុំមានទស្សនៈថាជំនួយអភិវឌ្ឍន៍ គ្រាន់តែជាផ្នែកមួយនៃរឿងប៉ុណ្ណោះ។ ក្នុងអំឡុងពេលនៃការស្តារឡើងវិញនូវសេដ្ឋកិច្ចក្រោយការយកឈ្នះ ជំងឺរាតត្បាតកូវីដ-១៩ ភាពធន់នៃប្រជាជាតិរបស់ យើង គឺពឹងផ្អែកលើ សមត្ថភាពរបស់រដ្ឋាភិបាល រៀងៗខ្លួន ដើម្បីជំរុញសេដ្ឋកិច្ចរបស់យើងតាមរយៈពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ នេះជាអ្វី ដែលខ្ញុំរំពឹងថា ការចូលរួមចំណែកយ៉ាងសកម្មរបស់វិស័យឯកជន នឹងជំរុញកាលានុវត្តភាពអាជីវកម្ម និងវិនិយោគថ្មីៗ ក្នុងការបង្កើតសក្តានុពលការងារថ្មីៗ សមស្របទៅតាមបរិបទក្រោយការយកឈ្នះជំងឺ រាតត្បាតកូវីដ-១៩”។

កិច្ចប្រជុំនេះ បានអនុម័តលើឯកសារគោលចំនួន០២គឺ (១) “សេចក្តីប្រកាសសហប្រធាននៃ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ -សាធារណរដ្ឋកូរ៉េលើកទី ១០ និង (២) “ផែនការសកម្មភាពឆ្នាំ ២០២១- ២០២៥ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ សម្រាប់ការអនុវត្តនូវសេចក្តី ថ្លែងការណ៍ទន្លេមេគង្គ-ទន្លេហាន» ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖