អន្តរជាតិ៖ បន្ទាប់ពីអង្គការអភិបាលក្រុងដើម្បីអាកាសធាតុ និងថាមពល(Global Covenant of Mayors for Climate and Energy ) ដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែល ក្រោយអង្គការនេះបានចុះបញ្ជីទីក្រុងរបស់តៃវ៉ាន់ចំនួន៦ ជាទីក្រុងរបស់ចិន។ នៅថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២០រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានអះអាងថា សហភាពអឺរ៉ុប បានជួយតៃវ៉ាន់ក្នុងការទាមទារឲ្យអង្គការអន្តរជាតិមួយនេះ កែតម្រូវដាក់ទីក្រុងរបស់តៃវ៉ាន់ មកស្ថិតក្រោមការគ្រប់គ្រងរបស់តៃវ៉ាន់វិញ ។
បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានប្រកាសថា ក្រោយតៃវ៉ាន់តវ៉ា អង្គការអភិបាលក្រុងខាងលើបានប្តូរមកដាក់ទីក្រុងទាំង៦នោះ ទៅជាផ្នែករបស់ឆាយនីសតៃប៉ិ(Chinese Taipei) វិញ។ រដ្ឋាភិបាលតៃវ៉ាន់ប្រើប្រាស់ឈ្មោះ «ឆាយនីសតៃប៉ិ» នៅក្នុងស្ថាប័នអន្តរជាតិនានាដូចជាកីឡាអូឡាំពិក ដើម្បីកុំឲ្យចិនជំទាស់នឹងការចូលរួមរបស់តៃវ៉ាន់នៅក្នុងស្ថាប័នទាំងនោះ។
បញ្ហានេះហើយបានធ្វើឲ្យតៃវ៉ាន់ បានបង្ហាញការមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះការដាក់ឈ្មោះទីក្រុងរបស់ខ្លួនឲ្យស្ថិតក្រោមចិន។ នាយករដ្ឋមន្ត្រីតៃវ៉ាន់ Su Tseng-chang បានរិះគន់ការដាក់ឈ្មោះនេះ ហើយប្រកាសថា៖« តៃវ៉ាន់ គឺតៃវ៉ាន់ ចំណែកចិន គឺចិន។ តៃវ៉ាន់ មិនមែនជាទីក្រុងរបស់ចិនឡើយ»។ លោកបន្តថា បើសិនជាមានការប្រើឈ្មោះខុសបែបនេះ ជារឿងខុសឆ្គងខ្លាំងមែនទែន។
ដោយឡែកបើតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រមុខការទូតតៃវ៉ាន់ បានអះអាងថា សហភាពអឺរ៉ុប ជាអ្នកជួយតៃវ៉ាន់ ក្នុងការទាមទារឲ្យប្តូរឈ្មោះនោះប៉ុន្តែលោកពុំបានបញ្ជាក់ថាសហភាពអឺរ៉ុបជួយដោយវិធីណាឡើយ។ លោកនិយាយថា៖ «យើងទាំងអស់គ្នាសប្បាយចិត្ត ចំពោះការធ្វើការរបស់អ្នកទាំងអស់គ្នា ដែលបានដាក់ឈ្មោះមកដូចដើមវិញ។» លោកទទួលស្គាល់ថាមានអ្នកមិនពេញចិត្តនឹងឈ្មោះឆាយនីសតៃប៉ិនេះ ប៉ុន្តែវាប្រសើរជាងស្ថិតនៅក្រោមឈ្មោះប្រទេសដទៃ។
សូមជម្រាបថា កាលពីសប្តាហ៍កន្លងទៅ មន្ត្រីតៃវ៉ាន់ បានតវ៉ាទៅអង្គការអភិបាលក្រុងមួយនេះ ដោយអភិបាលក្រុងចំនួន៦ បានផ្ញើលិខិតតវ៉ាទាមទារឲ្យ អភិបាលក្រុងដើម្បីអាកាសធាតុ និងថាមពល លុបចោលសេចក្តីសម្រេចចិត្តនោះ។
ជុំវិញបញ្ហានេះដែរ បើមែនទែនទៅ រដ្ឋសមាជិកសហភាពអឺរ៉ុបទាំងអស់ ពុំមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ឡើយ។ ចំណែកសហភាពអឺរ៉ុប ក៏ពុំហ៊ានបង្ហាញពីទំនាក់ទំនងនោះឲ្យពេញលេញដែរ ដោយខ្លាចចិនដែលជាដៃគូពាណិជ្ជកម្មធំលំដាប់ទី២ ខឹងសម្បារ។ បុរីវា់ទីកង់ ជាប្រទេសនៅតំបន់អឺរ៉ុបតែមួយគត់មានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។
ប្រទេសចិន តាំងតែពីដើមឡើយតែជំរុញឲ្យអង្គការ និងក្រុមហ៊ុនអន្តរជាតិចាត់ទុកតៃវ៉ាន់ជាផ្នែកមួយរបស់ចិន នៅលើគេហទំព័រ ក៏ដូចជាឯកសារផ្លូវការផងដែរ។ ការចាត់ទុកតៃវ៉ាន់ជាផ្នែកមួយរបស់ចិននេះហើយ ដែលធ្វើឲ្យរដ្ឋាភិបាល និងប្រជាជនតៃវ៉ាន់ខឹងសម្បារ។ កាលពីខែមុន អង្គការអភិរក្សបក្សីរបស់តៃវ៉ាន់ ត្រូវបានអង្គការសត្វព្រៃរបស់អង់គ្លេសមួយ បណ្តេញចេញក្រោយពេលអង្គការតៃវ៉ាន់នេះ មិនព្រមចុះកិច្ចហត្ថលេខាលើឯកសារដែលបញ្ជាក់ថា មិនគាំទ្រឯករាជ្យរបស់តៃវ៉ាន់។
គួរបញ្ជាក់ថា អង្គការអភិបាលក្រុងដើម្បីអាកាសធាតុ និងថាមពល គឺជាអង្គការដែលមានបេសកកម្មជំរុញសកម្មភាពការពារបរិស្ថាន និងថាមពលនៅជុំវិញពិភពលោក ដែលមានទីក្រុងជាសមាជិកចំនួនជាង១ម៉ឺន និងមានប្រជាជនរស់នៅចំនួន៩៤៤លាននាក់៕
ដោយ៖ស តារា