ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌ សែន សុខ នឹងមានឱកាសក្នុងការដើរលេងកម្សាន្តលំហែកាយនិងហាត់ប្រាណបានហើយ ខណៈសួនច្បារថ្មី១កន្លែងនៅតាមបណ្តោយផ្លូវភ្នំពេញ–ហាណូយ ខាងមុខ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ សត្វព្រៃ លើផ្ទៃក្រឡាជិត១ម៉ឺនម៉ែត្រការ៉េ មកដល់ពេលនេះការដ្ឋានទាំងមូលបានបញ្ចប់ ១០០ភាគរយហើយនោះ ។
លោកសំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ កញ្ញានេះថា៖ សួនច្បារថ្មី១កន្លែងនេះ រដ្ឋបាលរាជធានីភ្នំពេញបានស្ថាបនាជាច្រើនខែកន្លងមកហើយ ហើយមកដល់ពេលនេះ ការដ្ឋានទាំងមួលបានរួចរាល់១០០%ហើយ ដើម្បីទុកឲ្យប្រជាពលរដ្ឋបានហាត់ប្រាណ និងលំហែកាយ ។
លោកបន្តថា៖ អ្វីដែលនៅសល់ គឺនៅតែការសុំការអនុញ្ញាតពីលោកឃួង ស្រេង អភិបាលនៃអភិបាលរាជធានីភ្នំពេញដើម្បីបានអញ្ជើញចុះពិនិត្យជាក់ស្តែងនិងការណែនាំដល់ក្រុមការងារបន្ថែម មុននឹងបើកឱ្យដំណើរការជាសាធារណៈជូនប្រជាពលរដ្ឋបានដើរលំហែលកាយនិង ហាត់ប្រាណ។
លោកសំ សាមុត បានបន្តទៀតថា៖ការស្ថាបនា សួនច្បារថ្មី១កន្លែងនេះ មានផ្ទៃក្រឡាជិត១ម៉ឺនម៉ែត្រការ៉េ ដែលមាន បណ្តោយប្រវែង៥៥០ម៉ែត្រ និងទទឹង ១៦ម៉ែត្រ ស្ថិតក្នុងខណ្ឌសែនសុខ។
លោកបានបញ្ជាក់ឱ្យដឹងទៀតថា៖សួនច្បារថ្មីនេះ រៀបចំឡើងឱ្យមានជាទីធ្លា សម្រាប់លំហែកំសាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្តនិងម៉ូតូ ជាមួយនិងបង្គោលបំភ្លឺសួនច្បារផងដែរ ។ ចំពោះការងារ ដែលប្រើប្រាស់ពេលយូរ គឺការស្ថាបនាបង្គន់អនាម័យសាធារណៈនៅលើសួនច្បារនេះតែម្តង។
លោកសំ សាមុត បានបន្តថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ លើការកែលម្អសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ ។ ជាក់ស្ដែង នៅខណ្ឌសែនសុខ នេះពីមុនមិនធ្លាប់មានសួនច្បារសាធារណៈ នោះទេតែដោយ រដ្ឋបាលរាជធានីបានពិនិត្យឃើញថា ទីតាំងខាងលើ អាចស្ថាបនាសួនច្បារសាធារណៈបាន ទើបរដ្ឋបាលរាជធានី ណែនាំឱ្យមានការស្ថាបនាសួនច្បារខាងលើនេះតែម្តង។ដោយហេតុថាសួនច្បារមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវជាតិអន្តរ ជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ ប្រជាពលរដ្ឋ លោកអញ្ជើញមកហាត់ប្រាណនៅទីនេះផងដែរ ដោយហេតុថាការហាត់ប្រាណជាឱសថ ដ៏សក្កិសិទ្ធ ក្នុងការព្យាបាលជម្ងឺគ្រប់ប្រភេទ ៕ដោយ៖ សំរិត