ភ្នំពេញ៖ កម្ពុជាការគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដ-១៩ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ។ នេះយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាព«នគរដ្រេហ្គន»ទទួលនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។
សូមបញ្ជាក់ថា៖នៅថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ថ្លែងសុន្ទរកថាបើកវេទិកាអាស៊ី -អឺរ៉ុប ស្តីពីការប្រយុទ្ធនឹងឱសថក្លែងក្លាយ និងឱសថអន់គុណភាព ដោយបាន គូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការជាតិដើម្បី ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដ-១៩ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ថា ជាប្រទេសមួយក្នុងចំណោមប្រទេស មួយចំនួនតូច ដែលអាចគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អប្រសើរ រហូតមកដល់ពេលនេះមិនទាន់មានការចម្លង ចូលសហគមន៍នៅឡើយទេ។ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ករជាវិជ្ជមានជំងឺកូវីដ-១៩ មានចំនួន ២៧៧ ដែលប្រហែល ៨៦% នៃចំនួននេះគឺជាករណីនាំចូល មិនមាន អ្នកស្លាប់ ហើយ ៩៩,២៨% នៃករណីឈឺសរុបត្រូវបានព្យាបាលជាសះស្បើយ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានរំលឹកឡើងវិញអំពីគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសុន្ទរកថាបើករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងសន្និសីទថ្នាក់តំបន់ស្តីពីការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និង ឱសថអន់គុណភាព កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដែលធ្វើឡើងនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី បានគូសរំលេចថា ការរីកសាយឱសថក្លែងក្លាយនិងអន់គុណភាព គឺជាហានិភ័យដែលមិនអាចប៉ាន់ប្រមាណបានចំពោះសុខភាពសាធារណៈដែលជះឥទ្ធិពលដល់គ្រប់តំបន់ទាំង អស់នៃពិភពលោក។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យមានការចូលរួមប្រយុទ្ធប្រឆាំង ទាំងថ្នាក់តំបន់ និងពិភពលោកទាំងមូល ជាពិសេសគួរត្រូវបានលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ព្រោះបញ្ហាឱសថអន់គុណភាព និងឱសថក្លែងក្លាយ ជះឥទ្ធិពលយ៉ាងខ្លាំងដល់គុណភាពនៃ សេវាពិនិត្យព្យាបាល និងប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ។ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស យើងក៏កំពុងធ្វើការលើបញ្ហាដែលទាក់ទងនឹងសុខភាព ជាអាទិភាពផ្សេងទៀត ដែលក្នុងនោះមានឱសថក្លែងក្លាយ និងអន់គុណភាព ដែលបង្កគ្រោះថ្នាក់ដល់សុខភាព ប្រជាជនដោយសារការព្យាបាលអ្នកជំងឺដោយឱសថក្លែងក្លាយ និងអន់គុណភាព និងបសុំខភាពសឆ្នាំ រណៈកាន់តែច្រើន ក្នុងខណៈការរីករាលដាលជំងឺកូវីដ-១៩។ វ៉ាក់សាំង ឱសថ និងសម្ភារៈវេជ្ជសាស្ត្រ សម្រាប់ជំងឺកូវីដ -១៩ និងជំងឺដទៃទៀតទាមទារនូវអន្តរាគមន៍ ការបង្ការ ការត្រួតពិនិត្យ និងការព្យាបាលដោយផលិត ផលវេជ្ជសាស្រ្តប្រកបដោយគុណភាព ដែលទាំងនេះគួរតែជាអាទិភាពរបស់តំបន់ និងពិភពលោក។ ការគ្រប់គ្រង ការរីករាលដាលនៃឱសថក្លែងក្លាយ និងអន់គុណភាពមិនបានត្រឹមត្រូវនឹងនាំឱ្យបាត់បង់ជីវិត និងទំនុកចិត្តលើ ថ្នាំ អ្នកផ្តល់សេវាថែទាំសុខភាព និងប្រព័ន្ធថែរក្សាសុខភាពរបស់ប្រទេស។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនាមជាប្រទេសម្ចាស់ផ្ទះសម្រាប់វេទិកាអាស៊ី – អឺរ៉ុប ស្តីពីការ ប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងឱសថអន់គុណភាព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិ អាស៊ី -អឺរ៉ុប ដែលបានសហការជាមួយស្ថានទូតបារាំងប្រចាំកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) ដែលបានគាំទ្រក្នុងការរៀបចំវេទិកាដ៏មានសារសំខាន់នេះ ទោះបីជាពិភពលោកទាំងមូលកំពុងរងនូវផល ប៉ះពាល់ដោយជំងឺកូវីដ-១៩ ព្រមទាំងប្រទេសជាសមាជិកទាំងអស់ដែលបានចូលរួម៕
ដោយ៖ សុខ ខេមរា