ខេត្តស្វាយរៀង៖ក្មេងប្រុសម្នាក់បានលង់ទឹកព្រែកស្លាប់បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលនិងជួយសង្គ្រោះធ្វើចលនាដៃជើង តែជាអកុសលគឺហួសពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ស្ថិតនៅត្រង់ចំណុចភូមិព្រែក ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះជូន រតនៈ អាយុ៧ឆ្នាំរស់ក្នុងបន្ទុកជាមួយឪពុកក្នុងភូមិឃុំកើតហេតុខាងលើ។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញឪពុកនិងកូនបាននាំគ្នាទៅដាក់មងយកត្រីនៅឯមាត់ព្រែកខាងកើតចម្ងាយពីផ្ទះ១០០ម៉ែត្រ។ក្រោយមកប្រមាណកន្លះម៉ោងស្រាប់តែមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលនិងជួយសង្គ្រោះធ្វើចលនាដៃជើងតែអកុសលហួសពេលទៅហើយ។
តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញនិង គ្រូពេទ្យ ជនរងគ្រោះពិតជាស្លាប់ដោយរអិលជើងធ្លាក់ចូលទឹកព្រែកលង់ស្លាប់ប្រាកដមែន។
ក្រោយពិនិត្យសពរួច សមត្ថកិច្ចនគរបាលជំនាញបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន