ភ្នំពេញ៖ ពិធីបំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស និងសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ដែលប្រព្រឹត្តិទៅនៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមាន លោកស្រី តុប សារ៉ន អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភា ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ឧត្ដមសេនីយ៍ឯក សរ ស៊ីនឿន និងឧត្តមសេនីយ៍ឯក អួន លន មេបញ្ជាការរងកងទ័ពជើងគោក អញ្ជើញចូលរួមជាគណៈអធិបតី។
ដោយផ្អែកតាមផែនការរបស់ ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ក្នុងឆ្នាំ២០២០នេះ យោធិនក្នុងអង្គភាពបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវចូលនិវត្តន៍មានចំនួនសរុប១០៩នាក់ ដោយបានបំពាក់ឋានន្តរសក្ដិ និងគ្រឿងឥស្សរិយយសជូនដល់យោធិនរួមមាន៖ ថ្នាក់ឧត្តមសេនីយ៍ ចំនួន៣០នាក់ ថ្នាក់វរសេនីយ៍ ចំនួន៥៩នាក់ ថ្នាក់អនុសេនីយ៍ ចំនួន១៩នាក់ និងថ្នាក់នាយចំណង់ ចំនួន០១នាក់។
ថ្លែងនៅក្នុងពិធីនោះជំនួសមុខជូន មេបញ្ជាការកងទ័ពជើងគោក ឧត្ដមសេនីយ៍ឯក សរ ស៊ីនឿន បានមានប្រសាសន៍ថា យោធិនដែលចូលសោធននិវត្តន៍នាពេលនេះពិតជាបានចូលរួមចំណែកធ្វើពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ព្រមទាំងបានរួមចំណែកក្នុងចលនារំដោះជាតិពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត និងទប់ស្កាត់របបនេះមិនអោយវិលត្រឡប់មកម្តងទៀត ពិសេសបងប្អូនយោធិសោធននិវត្តន៍ទាំងអស់ជាប្រតិបត្តិករចូលរួមយ៉ាងសកម្មក្នុងការបង្រួបបង្រួមជាតិ និងជាកម្លាំងស្នូលក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យប្រទេសទទួលបានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។ ឧត្ដមសេនីយ៍ឯក សរ ស៊ីនឿន បានបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ គិតគូរចំពោះយោធិនយើងគ្រប់ពេលវេលាតាមរយៈការចូលរួមដោះស្រាយជីវភាពរបស់យោធិនទាំងស្មារតី ថវិកា ការតម្លើងប្រាក់បៀវត្ស និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។
ឆ្លៀតក្នុងឱកាសនោះលោក ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ចាការកងទ័ពជើងគោក និងលោកស្រី ជូនចំពោះយោធិនសោធនទាំងអស់ក្នុងមនោសញ្ចេតនានឹករលឹក និងការគិតគូរខ្ពស់ចំពោះជីវភាពរស់នៅ និងសុខទុក្ខរបស់យោធិនទាំងអស់ និងបានផ្ដល់ថវិកាឧបត្ថម្ភរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រីដែលក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០ម៉ឺនរៀលដល់យោធិនសោធន និងពិការទាំង១០៩នាក់នោះផងដែរ។
ដោយឡែក ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយសេនាធិការរង នាយការិយាល័យទី៥ កងទ័ពជើងគោក ក៏បានជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ការិយាល័យទី៥ កងទ័ពជើងគោក ចំនួន១៣នាក់ និងបានឧត្ថម្ភថវិកាការិយាល័យទី៥ បន្ថែមជូនក្នុងម្នាក់ៗទទួលបានថវិកាចំនួន៤០ម៉ឺនរៀល ទៀតផងដែរ៕
ដោយ៖ សិលា