នៅក្នុងសង្គ្រាមតស៊ូមតិរវាង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងបេក្ខភាពប្រធានាធិបតីអាមេរិក ចូ បៃឌិន បានទាក់ទាញអ្នកទស្សនា តែ៧៣,១ លាននាក់ប៉ុណ្ណោះ គឺតិចជាងកាលពីឆ្នាំ២០១៦។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ពលរដ្ឋអាមេរិកលែងចាប់អារម្មណ៍ក្នុងវិស័យនយោបាយដូចមុនទៀតហើយ។
ក្រុមហ៊ុនមានឯកទេសស្រាវជ្រាវទីផ្សារ ផ្សព្វផ្សាយនៅទូទាំងពិភពលោកNielsen បានប្រកាសឲ្យដឹងថា នៅក្នុងសង្គ្រាមតស៊ូមតិខាងលើ បានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ចំនួន១៦ នៅលើទឹកដីអាមេរិក។ ប៉ុន្តែ ចំនួនអ្នកតាមដានបានធ្លាក់ចុះបើប្រៀបធៀបឆ្នាំ២០១៦ ដោយមានតែ៧៣,១លាននាក់តាមដានតែប៉ុណ្ណោះ។
កាលពី៤ឆ្នាំមុន នៅឆ្នាំ២០១៦ ក្នុងការប្រកួតប្រជែងតស៊ូមតិរវាងលោកត្រាំ នឹងលោកស្រីហ៊ីលឡារី គ្លីនតុន បេក្ខភាពគណបក្សប្រជាធិបតេយ្យ ពេលនោះមានពលរដ្ឋជាង ៨៤លាននាក់តាមដាន បានបំបែក ឯតទគ្គកម្មពីចំនួនពលរដ្ឋតាមដានការតស៊ូមតិកាលពីឆ្នាំ១៩៨០ របស់បេក្ខភាពReagan-Carter ។
ប៉ុន្តែចំនួនអ្នកទស្សនាខាងលើ គឺមិនអាចសន្និដ្ឋានពីតួលេខច្បាស់លាស់នោះឡើយ ដោយមានពលរដ្ឋជាច្រើនទស្សនាតាមបណ្តាញសង្គម Twitter, YouTube និងគេហទំព័រផ្សេងៗទៀត ៕ដោយ៖ធី រីណា