អន្តរជាតិ៖ បើតាមការលើកឡើងរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃពុធ ទី៣០ ខែកញ្ញាឆ្នាំ២០២០នេះថា៖ វាគឺដល់ពេលហើយ ដែលប្រទេសនានាត្រូវចាប់ផ្តើមប្រើប្រាស់កញ្ចប់ថវិកា នៃផែនការឆ្លើយតបនឹងជំងឺ COVID-19 របស់ខ្លួនដើម្បីជួយដល់កម្មវិធីថ្នាំវ៉ាក់សាំង របស់អង្គការសុខភាពពិភពលោក(WHO) ហើយ។
លោក Antonio Guterres ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅឯអង្គការសហប្រជាជាតិ ប្រធានអង្គការសហប្រជាជាតិ បានលើកឡើងយ៉ាងដូច្នេះថា«កម្មវិធី ACT-Accelerator (ដែលជាកម្មវិធីជម្រុញសកម្មភាពដើម្បីស្វែងរកវ៉ាក់សាំង និងការព្យាបាល ក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោក) គឺជាមធ្យោបាយដែលមានសុវត្ថិភាពតែមួយគត់ ដើម្បីបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចពិភពលោក ឲ្យបានឆាប់រហ័យ តាមដែលអាចធ្វើទៅបាន»។
ជាមួយគ្នានោះ លោក Antonio Guterres បានសង្កត់ធ្ងន់ថា៖«យើងនឹងមិនអាចសម្រេចគម្រោងមួយនេះបានទេ ប្រសិនបើម្ចាស់ជំនួយគ្រាន់តែបែងចែកធនធាន តែពីថវិកាជំនួយអភិវឌ្ឍន៍របស់ខ្លួននោះ។ យើងត្រូវគិតឲ្យធំជាងនេះ។ វាគឺដល់ពេលហើយសម្រាប់ប្រទេសនានាក្នុងការដកថវិកាជាតិសម្រាប់ការឆ្លើយតបនិងការស្តារឡើងវិញរបស់ពួកគេ ដើម្បីជួលដល់កម្មវិធីថ្នាំវ៉ាក់សាំងសកល របស់អង្គការសុខភាពពិភពលោក»។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ កម្មវិធីជម្រុញសកម្មភាព (ACT-Accelerator) ដែលជាកិច្ចសហការថ្នាក់សកល ដើម្បីស្វែងរកវ៉ាក់សាំងនិងការព្យាបាល ក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោក (WHO) ទទួលបានទឹកប្រាក់សរុបជិត«៣ពាន់លានដុល្លារអាមេរិក» ។ ប៉ុន្តែពួកគេត្រូវការថវិកាចំនួន ៣៥ពាន់លានដុល្លារបន្ថែមទៀត ដើម្បីបង្គ្រប់ផែនការ។ព្រោះផែនការនេះ មានគោលដៅផ្តល់ថ្នាំវ៉ាក់សាំង COVID-19 ចំនួន២ពាន់លានដូសនៅដំណាច់ឆ្នាំក្រោយ៕ដោយ៖ស តារា