ព័ត៌មានទាន់ហេតុការណ៍៖

ល្បីរឿងផលិតកម្ម Galaxy Navatra ចាយទ្រព្យកន្លះលានដុល្លារឲ្យ ពេជ្រ សោភា ចេញពីហង្សមាស

ចែករំលែក៖

     ភ្នំពេញ៖ ទើបនឹងថ្ពក់ចិត្តតារាចម្រៀងលំដាប់ជួរមុខព្រាប សុវត្ថិឲ្យចូលច្រៀងក្នុងផលិកម្មខ្លួនមិនបានប៉ុន្មានផង ស្រាប់តែពេលនេះគេលេចលឺដំណឹងថាផលិតកម្ម Galaxy Navatra ត្រៀមចាយទ្រព្យថ្លៃប្រមាណកន្លះលានដុល្លារទាញ ពេជ្រ សោភា ឲ្យចូលច្រៀងក្នុងផលិតកម្មខ្លួន

ការទម្លាយនេះក៏ក្រោយពេលដែល ពេជ្រ សោភា មិនបញ្ចេញបទចម្រៀងថ្មី នៅផលិតកម្មហង្សមាស អស់មួយខ្យល់ធំ។ ព័ត៌មានក្រៅផ្លូវការមួយបានទម្លាយឲ្យដឹងថាតារាចម្រៀង ពេជ្រ សោភា ដែលជ្រកក្រោមដំបូលផលិតកម្មហង្សមាសអស់ជាង១៥ឆ្នាំមកហើយនោះបានក្លាយជាមុខសញ្ញាបន្ទាប់របស់ផលិតកម្ម Galaxy Navatra  ដែលការអូសទាញនេះក៏ត្រូវបានគេបញ្ជាក់ដែរថា ទ្រព្យជាច្រើនមានទាំងលុយ ឡាន វីឡា នឹងក្លាយជាកម្មសិទ្ធិរបស់នាងភ្លាម ដោយមិនបូកបញ្ចូលពីប្រាក់ខែ និងផលចំណេញមួយចំនួន។ ប្រភពថា កញ្ចប់ថ្លៃកន្លះលានដុល្លារអាមេរិកនេះគឺជារឿងថ្មីដែលគេនៅរង់ចាំបន្តតាមដានខណៈកន្លងទៅផលិតកម្មនេះត្រូវបានលេចចេញដំណឹងថាវិធីសាស្ត្រស្រដៀងគ្នានេះបានអូសទាញលោកព្រាប សុវត្ថិ បានដោយជោគជ័យផងដែរ។មានការលើកឡើងដែរថា ថ្មីៗនេះផលិតកម្មទាំងពីរបាននឹងកំពុងប្រជែងគ្នាខ្លាំង ទាំងការអូសទាញតារាចម្រៀង និងអ្នកនិពន្ធគ្នាទៅវិញទៅមក។ ប្រភពលើកឡើងថា Galaxy Navatra បានព្រលយពីការជួយលើកមុខមាត់នាងឲ្យកាន់តែល្បីនឹងផ្ទុះជាថ្មីដោយចាប់គូច្រៀងរួមគ្នាជាមួយដៃគូចាស់លោកព្រាប សុវត្ថិនោះ។ មានការលើកឡើងដែរថា Galaxy Navatra ក៏នឹងផ្តល់សិទ្ធិឲ្យនាងសម្រេចលើការជ្រើសរើសបទចម្រៀង ហើយសមត្ថភាពនិពន្ធបទចម្រៀង និងធ្វើភ្លេងខ្លួនឯងនោះក៏ជាហេតុផលដែល Galaxy Navatraចង់បានផងដែរ។

​​ទោះជាយ៉ាងណានៅមិនទាន់អាចស្វែងរកទំនាក់ទំនង ពីតារាចម្រៀងពេជ្រ សោភា បាននៅឡើយទេ ប៉ុន្តែកន្លងទៅនាងក៏ទទួលស្គាល់ថាផលិតកម្ម Galaxy Navatra ពិតជាធ្លាប់ទំនាក់ទំនងមកកាន់នាង ប៉ុន្តែនាងសុំមិនធ្វើការបញ្ជាក់ ប៉ុន្តែនាងព្រលយថាការងារសិល្បៈខ្លះអាចនឹងបណ្តោយទៅតាមពេលវេលាជាអ្នកកំណត់

ទោះជាយ៉ាងណាការសម្រេចចិត្តរបស់តារាចម្រៀងពេជ្រសោភាយ៉ាងណាគឺនៅមិនទាន់ច្បាស់នៅឡើយខណៈកន្លងមកនាងក៏មានរឿងរ៉ាវអាក់អន់ស្រពន់ចិត្តមួយចំនួននៅផលិតកម្មចាស់ផងដែរ ហើយការសម្រេចចិត្តដើរចេញពីផលិតកម្មធំមួយនេះអាចនឹងជាជម្រើសចុងក្រោយសម្រាប់នាង។ ដោយ៖ វឌ្ឍនា


ចែករំលែក៖