ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានបើកវេទិកាពិគ្រោះយោបល់នៅខណ្ឌព្រែកព្នៅ ប្រជាពលរដ្ឋបានលើកឡើងជាសំណួរផ្ទាល់មាត់ចំនួន៩នាក់និងសំណើសរសេរដាក់ក្នុងប្រអប់សំបុត្រចំនួន៥២បណ្ណដែលសំណើនិងសំណូមពរទាំងនេះ គឺបានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញជួយកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាននិងការសូមឲ្យពន្លឿនការផ្តល់អត្តសញ្ញាណប័ណ្ណជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីប្រជាពលរដ្ឋមិនបានលើកឡើងពីកង្វល់ពាក់ព័ន្ធបញ្ហាសន្តិសុខនោះទេ។
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ-ខណ្ឌអាណត្តិទី៣នៅខណ្ឌព្រែកព្នៅនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១ខែតុលា ឆ្នាំ ២០២០ ក្រោមវត្តមានលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានី លោកហួត ហៃ អភិបាលរងរាជធានីនិងមានប្រជាពលរដ្ឋចូលរួមជាង៤០០នាក់នៅក្នុងវត្តប្រាសាទ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ។
លោកប៉ា សុជាតិរង្ស បានមានប្រសាសន៍បញ្ជាក់ថា ការបង្កើតឱ្យមានវេទិកាសាធារណៈនេះឡើងគឺដើម្បីឲ្យប្រជាពលរដ្ឋមានឱកាសបានលើកឡើងជាសំណើ សំណូមពរ របស់ពួកគាត់សម្រាប់ឱ្យយើងយកទៅដោះស្រាយជូនពួកគាត់។
លោកបានបន្តទៀតថា ការលើកឡើងរបស់ប្រជាពលរដ្ឋគឺពិតណាស់ថា នឹងធ្វើឲ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចរបស់យើងបានរកឃើញនូវចំណុចខ្វះខាតដែលយើងត្រូវយកមកបំពេញបន្ថែម ដើម្បីបម្រើជូនប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា រដ្ឋាភិបាលក្រៅពីបង្កើតឲ្យមានវេទិកាសាធារណៈនៅថ្នាក់សង្កាត់ ខណ្ឌនិងថ្នាក់រាជធានីហើយនោះ នៅបានបង្កើតឲ្យមានការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ខណ្ឌនិងថ្នាក់រាជធានីថែមទៀត ដើម្បីទទួលយកការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ខណៈដែលប្រជាពលរដ្ឋមានកង្វល់អ្វីមួយ ហើយការិយាល័យនេះអាចដោះស្រាយ ជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការបាន។
លោកប៉ា សុជាតិវង្សបានបញ្ជាក់ផងដែរថា ក្នុងវេទិកានេះប្រជាពលរដ្ឋបានលើកឡើងជាសំណួរផ្ទាល់មាត់ចំនួន៩នាក់និងសំណើសរសេរដាក់ក្នុងប្រអប់សំបុត្រចំនួន៥២បណ្ណ ហើយសំណើនិងសំណូមពរទាំងនេះមានការស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញស្ថាបនាលូ នៅក្នុងភូមិអណ្តូង ការស្ថាបនាផ្លូវប្រវែងជាង១គីឡូម៉ែត្រ ការជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណជាតិខ្មែរឱ្យបានលឿន ការជំរុញដោះស្រាយបញ្ហាទំនាស់ដីធ្លី វត្តសុវណ្ណធម្មរាជក្នុងខណ្ឌព្រែកព្នៅ បញ្ហាដីធ្លីនៅបឹងតាមោកនិងស្នើឱ្យទប់ស្កាត់ឡានដឹកដីបើកបរលឿនៗ។ ចំពោះការស្នើឡើងខាងលើនេះ អាជ្ញាធររាជធានីភ្នំពេញបានទទួលយក ហើយសន្យាថានឹងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕
ដោយ៖ សំរិត