ខេត្តសៀមរាប៖ ដើម្បីចូលរួមអនុវត្តគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាបដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានប្រគល់ជូនខេត្តសៀមរាប ក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឱ្យកាន់តែមានភាពប្រសើរឡើងវិញនោះនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បងប្អូនប្រជាពលរដ្ឋរស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាបជាច្រើនគ្រួសារបានស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួនដោយខ្លួនឯង។ការស្ម័គ្រចិត្តរុះរើលំនៅដ្ឋានដោយខ្លួនឯងនេះធ្វើឡើង បន្ទាប់ពីដឹងថា ការសាងសង់លំនៅឋានសព្វថ្ងៃនេះប៉ះពាល់ដល់ការអភិវឌ្ឍផ្លូវសាធារណ:ហើយរដ្ឋអំណាចមូលដ្ឋានមានគោលនយោបាយសមស្របដោះស្រាយជូនប្រជាពលរដ្ឋទៅហើយនោះ។
ការមានស្មារតីភ្ញាក់រលឹករបស់បងប្អូនយើងបែបនេះធ្វើឲ្យគណៈកម្មការអន្តរក្រសួងក៏ដូចជារដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថាបងប្អូននឹងបន្តចូលរួមសហការជាមួយអាជ្ញាធរខេត្តបន្ថែមទៀតដើម្បីឱ្យការកែលម្អនិងស្តារហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តសៀមរាបយើងបានស័ក្កិសមជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រ។
ក្នុងសកម្មភាពរុះរើផ្ទះរបស់បងប្អូនទាំងអស់ដោយការភ្ញាក់រលឹកបែបនេះក្នុងនាមអាជ្ញាធរខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងសូមស្ងើចសរសើរចំពោះស្មារតីចូលរួមជាមួយរដ្ឋអំណាចមូលដ្ឋាន៕ដោយ៖ប្រាថ្នា