ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានទៀតហើយរថយន្តលួចដឹកលើសទម្ងន់បំផ្លាញផ្លូវជាតិ ៦គ្រឿងនៅស្រុកស្នួល

ចែករំលែក៖

ខេត្តក្រចេះ៖ ក្រុមចល័តក្រសួងបានបានចុះទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងឃាត់បានរថយន្តដឹកលើសទម្ងន់ ៦ គ្រឿង នៅក្រុងក្រចេះ និងលើផ្លូវជាតិលេខ ៧ នៅស្រុកស្នួល ខេត្តក្រចេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងមន្ត្រីសាធារណការក្រសួងនៅព្រលប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។ 

ក្នុងនោះបញ្ជាក់ថា៖ នៅថ្ងៃពុធ ១៣កើត ខែអស្សុជ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំផ្ទាល់ដោយ លោក ឯក រដ្ឋ និង លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន និងសហការការដោយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងប្រធានស្ថានីយជញ្ជីងមានជ័យ បានចុះទប់ស្កាត់ និងត្រួតពិនិត្យយានយន្ត ដឹកជញ្ជូននៅក្នុងក្រុងក្រចេះ និងលើផ្លូវជាតិលេខ៧ នៃស្រុកស្នួល ខេត្តក្រចេះ។ 

ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារត្រួតពិនិត្យរថយន្តដឹកដំឡូងមី ជ័រកៅស៊ូ អង្ករ ចំណីសត្វ ស្រាបៀ និងបង្គោលភ្លើងចំនួន១៥ គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ៦គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ៨តោន ដល់ ៣២តោន។  រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ទាំងនោះបានពិន័យ និងធ្វើកិច្ចសន្យាដោយអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រាទី៦០។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះ ថ្នាក់ដឹកនាំក៏បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឲ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឲ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្កមហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។

កិច្ចប្រតិបត្តិការនេះបានបញ្ចប់នៅវេលាម៉ោង ៣យប់ នៅថ្ងៃបន្ទាប់៕

ដោយ៖ សិលា


ចែករំលែក៖