ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសថៃ កំពុង​បង្កើន​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អឺរ៉ុប ជាង ២ម៉ឺនតោន​ ដោយ​មិន​គិត​ពន្ធ​នាំចូល​​សម្រាប់​ខែតុលានេះ

ចែករំលែក៖

អន្តរជាតិ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្ម​​ក្រៅប្រទេសរបស់ថៃលោក Keerati Rushchano បានអះអាងថា៖ ប្រទេសថៃ កំពុងទទួលបានឱកាសល្អមួយក្នុងការបង្កើនការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប ក្រោយប្លុកមួយនេះអនុញ្ញាតឲ្យថៃនាំចូលអង្ករចំនួន ២៤៨៨៣តោនដោយមិនគិតពន្ធនាំចូលឡើយសម្រាប់ខែតុលានេះ។

អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្ម​​ក្រៅប្រទេសរបស់ថៃរូបនេះ បន្តថាគណៈកម្មការអឺរ៉ុបនៅថ្ងៃទី ២២ ខែកញ្ញាបានប្រកាសថា ចំនួនកូតាអង្ករសេសសល់ដែលថៃនាំអង្ករទៅអឺរ៉ុបប្រចាំឆ្នាំ នឹងមិនគិតពន្ធឡើយសម្រាប់ខែតុលា ចំនួនកូតាសេសសល់សម្រាប់អង្ករស អង្ករផ្កាម្លិះថៃ អង្ករក្រអូបនិងអង្ករ parboiled ១០០ ភាគរយ ដែលមិនបាច់បង់ពន្ធសម្រាប់ខែតុលាអាចមានរហូតដល់ ២៤៨៨៣ តោន

លោក Keerati បានសង្កត់ធ្ងន់ថា៖«​ដោយមិនគិតពន្ធនាំចូលវាគឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុននាំចេញអង្ករថៃក្នុងការបង្កើនការនាំចេញរបស់ពួកគេទៅកាន់ទីផ្សារអឺរ៉ុប​»​បន្ថែមពីនេះលោក ថា សហភាពអឺរ៉ុបបានកំណត់កូតានាំចូលអង្ករប្រចាំឆ្នាំចំនួន ៦៣០០០០ តោននៅឆ្នាំនេះ ហើយជាធម្មតាសហភាពអឺរ៉ុប គិតពន្ធនាំចូលចំនួន១៤៥ ផោនក្នុងអង្ករមួយតោននេះបើតាមការចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍

ដើម្បីចំណេញពីការមិនយកពន្ធនេះ អ្នកនាំចេញអង្ករថៃ ត្រូវដាក់ពាក្យសុំអាជ្ញាប័ណ្ណនាំចូលក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែតុលា ចំពោះបញ្ហានេះលោក Keerati លើកឡើងថា ក្រុមហ៊ុននាំចេញអង្ករថៃដែលមានបំណងប្រើកូតាត្រូវតែដាក់ពាក្យសុំជាមុនវិញ្ញាបនបត្រសម្រាប់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុបតាមរយៈនាយកដ្ឋានរបស់ លោកក៏បានបន្តទៀតថា អ្នកនាំចេញអាចដាក់ពាក្យស្នើសុំវិញ្ញាបនបត្រចាប់ពីថ្ងៃទី ២៩ ខែកញ្ញាដល់ថ្ងៃទី១៤ ខែតុលាដោយមិនគិតថ្លៃពិសេសអ្វីឡើយ

ដោយឡែកជុំវិញបញ្ហានេះដែរ លោក Charoen Laothammatas ប្រធានសមាគមអ្នកនាំចេញអង្ករថៃបានមានបញ្ជាក់ថា ការនាំចេញអង្កររបស់ថៃទៅកាន់សហភាពអឺរ៉ុបទំនងជានឹងធ្លាក់ចុះចាប់ពីឆ្នាំ ២០១៩ ដោយសារតែផលប៉ះពាល់នៃជំងឺ COVID-19 ដែលធ្វើឲ្យតម្រូវការអង្ករចុះខ្សោយនៅតាមភោជនីយដ្ឋាននិងសណ្ឋាគារ

គួរបញ្ជាក់ថា ក្នុងរយៈពេល ខែដើមឆ្នាំ ២០២០ ប្រទេសថៃបាននាំចេញអង្ករចំនួន ១៤៦៣៦២ តោនគិតជាទឹកប្រាក់ចំនួន ១៤០ លានដុល្លារអាមេរិកទៅកាន់សហគមន៍អឺរ៉ុប ក្នុងឆ្នាំ ២០១៩ ប្រទេសថៃបាននាំចេញអង្ករចំនួន ៤០៥២៦៣ តោនទៅកាន់សហភាពអឺរ៉ុបដែលមានតម្លៃ៣១៥លានដុល្លារពោលគឺកើនឡើងពី ៣៩៩៥១៩ តោនមានតម្លៃ ២៩៦ លានដុល្លារនៅឆ្នាំ ២០១៨

ដោយ៖ស តារា


ចែករំលែក៖