ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំ​ប្រឆាំងរុស្ស៉ី លោកNavalny គឺជាភ្នាក់ងារ​ចារកម្ម​អាមេរិក (CIA),នេះបើតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់រុស្ស៉ី

ចែករំលែក៖

អន្តរជាតិ៖ អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានបញ្ជាក់ថា ការចោទប្រកាន់របស់មេដឹកនាំប្រឆាំង Navalny ទៅលើលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន គឺគ្មានមូលដ្ឋានច្បាស់លាស់ មិនអាចទទួលយកបាន ហើយជាការប្រមាថផងដែរ មិនតែប៉ុណ្ណោះលោកPeskov ក៏បានចោទប្រកាន់ត្រង់ៗថា៖ លោក Navavny កំពុងធ្វើការជាមួយភ្នាក់ងារចារកម្មអាមេរិក (CIA)​

ចំណែកលោក Navalny មេដឹកនាំប្រឆាំងរុស្ស៉ីវិញ នៅតែមិនអស់ចិត្តហើយបន្តប្រតិកម្មចំពោះការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលរុស្ស៊ីមកលើលោកថាបម្រើការឲ្យ​​ CIA អាមេរិក ត្រង់ចំណុចនេះលោកសរសេរលើវេសាយផ្ទាល់ខ្លួនថា«​ជាដំបូង ខ្ញុំនឹងប្ដឹងលោក Peskov​ ហើយរឿងទី គឺខ្ញុំទាមទារឲ្យមានការបង្ហាញភស្តុតាងនិងការពិតបញ្ជាក់ថា ខ្ញុំពិតជាធ្វើការជាមួយ CIA មែន​»​ លោកថែមទាំងឌឺដងទៀតថា លោកអនុញ្ញាតឲ្យក្រុងមូស្គូចាក់ផ្សាយភស្តុតាងលើទូរទស្សន៍

លើសពីនេះទៅទៀត លោក Navalny បានប្រាប់ទស្សនាដ្តី Der Spiege ពីការតាំងចិត្តវិលទៅកាន់ប្រទេសរុស្ស៊ីផងដែរ លោកនិយាយដូច្នេះថា«​កិច្ចការខ្ញុំឥឡូវនេះ គឺរក្សាស្មារតីមិនភ័យខ្លាច ហើយខ្ញុំអត់ខ្លាចឡើយ​! ប្រសិនបើដៃទាំងទ្វេខ្ញុំញ័រ វាព្រោះតែថ្នាំពុលប៉ុណ្ណោះ​, មិនកើតចេញពីភាពភ័យខ្លាចឡើយ ខ្ញុំនឹងមិនឲ្យអំណោយទៅលោកពូទីន ដោយការមិនវិលត្រលប់ទៅរុស្ស៊ីវិញឡើយ​»​ហើយការចាត់ទុករបស់លោក Navalny ថាប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ជាអ្នកនៅពីក្រោយផែនការដាក់ថ្នាំបំពុលលោកគ្មានមូលដ្ឋាន

សូមជម្រាបថា លោក Navalny បានដឹងស្មារតីឡើងវិញកាលពីថ្មីៗ ក្រោយធ្លាក់ខ្លួនឈឺភ្លាមៗអំឡុងពេលធ្វើដំណើរក្នុងជើងហោះហើរមួយក្នុងទីក្រុងSiberia ហើយត្រូវបានដឹកទៅព្យាបាលនៅទីក្រុង បែរឡាំង នៃប្រទេសអាល្លឺម៉ង់ គ្រូពេទ្យអាល្លឺម៉ង់ អះអាងថា លោកត្រូវបំពុលដោយថ្នាំប្រភេទNovichok ដែលជាថ្នាំពុលកម្រិតយោធា ហើយត្រូវបានអភិវឌ្ឍដោយអតីតសហភាពសូវៀតក្នុងចន្លោះទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៨០

លោក Navalny បានប្រាប់ទស្សនាដ្តីអាល្លឺម៉ង់ Der Spiege បែបនេះក្នុងកិច្ចសម្ភាសមួយដែលចុះផ្សាយនៅថ្ងៃទី ខែតុលាម្សិលមិញនេះថា៖ «​ខ្ញុំជឿជាក់ថា លោក ពូទីន នៅពីក្រោយឧក្រិដ្ឋកម្មនេះ​»​ លោក Navalny ​បន្ថែមថា លោកគ្មានគិតឃើញរូបភាពអ្វីផ្សេងក្រៅពីនេះទៀតឡើយ

​​បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA និយាយថា ពាក់ព័ទ្ធនឹងការវិវត្តចុងក្រោយក្នុងករណីបំពុលលោក Navalny ទីក្រុងមូស្គូ បានអញ្ជើញអ្នកជំនាញពីអង្គការបង្ការអាវុធគីមី​(OPCW)​ឲ្យទៅកាន់ប្រទេសរុស្ស៊ីដើម្បីសហការស៊ើបអង្កេតលើបញ្ហានេះ ការអញ្ជើញនេះ ធ្វើឡើងក្រោយអាល្លឺម៉ង់កាលពីខែមុនបានស្នើសុំជំនួយពីអង្គការ OPCW លើករណីបំពុលលោក Navalny​

គួរបញ្ជាក់ថា ទាំងអាល្លឺម៉ង់ និងបណ្ដាប្រទេសលោកខាងលិចផ្សេងទៀតបានទាមទារការបកស្រាយពីសំណាក់រដ្ឋាភិបាលរុស្ស៊ីពាក់ព័ន្ធនឹងការឈឺថ្កាត់របស់លោក Navalny ខណៈរុស្ស៊ីអះអាងថាខ្លួនគ្មានរកឃើញភស្តុតាងណាមួយបញ្ជាក់ថាមេដឹកនាំប្រឆាំងត្រូវថ្នាំពុលឡើយហើយក៏បដិសេធជាប់ទាក់ទងក្នុងករណីនេះ

ដោយ៖ស តារា


ចែករំលែក៖