ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកក្រុមមហ៊ុន Amazon របស់អាមេរិក ជិត២ម៉ឺននាក់ ឆ្លងជំងឺ COVID-19

ចែករំលែក៖

អន្តរជាតិ៖ បើតាមសេចក្ដីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០នេះថា បុគ្គលិកលក់ទំនិញតាមអនឡាញដ៏ធំបំផុតនៅអាមេរិក គឺបុគ្គលិកជួរមុខរបស់ក្រុមហ៊ុន Amazon នៅទូទាំងសហរដ្ឋអាមេរិកជាង ១៩,០០០នាក់បានឆ្លងជំងឺ COVID-19 ដែលស្មើនឹង .៤៤% នៃចំនួនបុគ្គលិកសរុប

តាមការបញ្ជាក់របស់ក្រុមហ៊ុន Amazon បានឲ្យដឹងថា «ក្នុងចំណោមបុគ្គលិកជួរមុខរបស់ខ្លួនចំនួន ,៣៧២,០០០នាក់ បុគ្គលិកចំនួន១៩,៨១៦នាក់ត្រូវបានគេធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាន ចំពោះCOVID-19 បើគិតចាប់តាំងពីថ្ងៃទី០១ ខែមីនា ដល់ថ្ងៃទី១៩ ខែកញ្ញាកន្លងទៅនេះ» ប៉ុន្តែអត្រានៃការឆ្លងខាងលើនេះ គឺនៅទាបជាងការរំពឹងទុករហូតដល់ទៅ ៤២ភាគរយឯណោះ ខណៈពីមុនមកត្រូវបានក្រុមជំនាញរំពឹងទុកថា បុគ្គលិករហូតដល់ទៅជាង ៣៣,៩០០នាក់ឯណោះអាចនឹងឆ្លងCOVID-19

ចំណែកបុគ្គលិកមួយចំនួនរបស់ក្រុមហ៊ុន Amazon  បាននិយាយថាបុគ្គលិកទាំងអស់ត្រូវបានដាក់ឲ្យពិនិត្យសុខភាពដោយស្ថិតនៅក្នុងហានិភ័យប៉ុន្តែនៅតែបន្តបើកដំណើរការក្រុមហ៊ុនរបស់ខ្លួន ខណៈជំងឺរាតត្បាតសកល(COVID-19) នេះ កំពុងតែលុកលុយយ៉ាងខ្លាំង។ចំពោះការលាតត្រដាងនូវករណីឆ្លងរាតត្បាតនៃ COVID-19 ខាងលើនេះ ជាការមើលឃើញដ៏កម្រមួយ ដែលផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងចំពោះបុគ្គលិករបស់ក្រុមហ៊ុនAmazon នៅសហរដ្ឋអាមេរិក។

ទាក់ទិនបញ្ហានេះ ទោះជាយ៉ាងណា ក្រុមហ៊ុន Amazon នៅតែសម្រេចចិត្តបន្តបើកដំណើរការក្រុមហ៊ុនរបស់ខ្លួនដដែល ដោយមានការអនុវត្តវិធានការមួយចំនួន រួមមានការត្រួតពិនិត្យសីតុណ្ហភាពរាងកាយ ការរក្សាគម្លាតសុវត្ថិភាព និងនីតិវិធីសុវត្ថិភាពផ្សេងៗទៀតសម្រាប់បុគ្គលិករបស់ខ្លួន។

បច្ចុប្បន្នក្រុមហ៊ុន Amazon ក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនអាជីវកម្មផ្សេងទៀត រាយការណ៍ពីតួលេខដែលអាចប្រៀបធៀបបានផងដែរ និងថែមទាំងបាននិយាយថា ខ្លួននឹងពង្រីកការធ្វើតេស្តរក COVID-19 ដល់បុគ្គលិកនៅសហរដ្ឋអាមេរិកចំនួន ៥០,០០០នាក់ក្នុងមួយថ្ងៃ ដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺនេះ៕ដោយ៖ស តារា


ចែករំលែក៖