ខេត្តស្វាយរៀង៖ ក្រុមការងារមន្ទីរកសិកម្មខេត្តស្វាយរៀងបានបន្តចុះចែកគ្រាប់ពូជ និងសម្ភារដល់សមាជិកបណ្តុំអាជីវកម្មនិងពិនិត្យមើលការចិញ្ចឹមត្រី កង្កែប របស់ប្រជាកសិករក្នុងក្រុងបាវិតនិងស្រុកស្វាយទាប។
ការចុះចែកគ្រាប់ពូជដល់ប្រជាកសិករនេះធ្វើឡើងនាព្រឹកថ្ងៃសុក្រ១៥ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត និងឃុំស្វាយរំពារ ស្រុកស្វាយទាប។
តាមមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀងបានឱ្យដឹងថាលោក សុខ សុទ្ធាវុធ ប្រធានមន្ទីរ និង លោកទីប្រឹក្សាសម្របសម្រួលទីផ្សារអនុកម្មវិធីASPIRE លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោកចៅសង្កាត់រងសង្កាត់ច្រកម្ទេស បានចូលរួមប្រគល់គ្រាប់ពូជ និងសម្ភារដល់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិតចំនួន៤៨គ្រួសារ។
ប្រភពបន្តថា ដោយនៅភូមិច្រកម្ទេសមាន២៥គ្រួសារ និងនៅភូមិវាលមាន២៣គ្រួសារ ហើយក្នុង១គ្រួសារទទួលបានគ្រាប់ពូជបន្លែចំនួន៨មុខ ធុងស្រោចមួយគូ កៅស៊ូគ្របរងបន្លែ១ដុំ និងកំបោរស៥គីឡូក្រាមផងដែរ។
បន្ទាប់ពីប្រគល់គ្រាប់ពូជបន្លែដល់សមាជិកបណ្តុំបន្លែរួចមក លោកជា សុផុន ទីប្រឹក្សាសម្របសម្រួលទីផ្សារអនុកម្មវិធីASPIRE បានចុះពិនិត្យការអនុវត្តដាំបន្លែក្នុងផ្ទះសំណាញ់ ការចិញ្ចឹមត្រីនិងចិញ្ចឹមកង្កែបក្នុងតង់របស់កសិករឈ្មោះឡឹក ប៊ុនធឿន ដែលរស់នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប។
ប្រភពបន្តថា ជាលទ្ធផលបន្លែក្នុងផ្ទះសំណាញ់(ស្ពៃក្រញាញ់ និងខ្ទឹម) បានលូតលាស់ល្អ គឺអាចប្រមូលផលបាននៅ៣ថ្ងៃខាងមុខ។បើតាមការប៉ាន់ស្មានផ្ទៃដីនៅក្នុងផ្ទះសំណាញ់ដែលមាន១៣៨ម៉ែត្រការ៉េទទួលបានផលប្រហែល៤០០គីឡូក្រាម។ ចំពោះការចិញ្ចឹមត្រីនិងកង្កែបលូតលាស់ល្អបានប្រមូលផលហូបបណ្តើរៗហើយផងដែរ៕យឹម សុថាន