ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្រុមក្មេងទំនើងជិះម៉ូតូ បង្ហោះកង់មួយចំនួន១៣នាក់ នាំយកទៅអប់រំណែនាំនិងហៅ ឪពុកម្តាយ មកធ្វើកិច្ចសន្យាអប់រំបន្ត

ចែករំលែក៖

ខេត្តបាត់ដំបង៖  ពិតជាគួឲ្យព្រឺសម្បុរពេលឃើញ ក្រុមក្មេងទំនើង ជិះម៉ូតូបង្ហោះកង់មួយឡើងលើមិនខ្លាចគ្រោះថ្នាក់ដល់អាយុជីវិតនិង បង្កអនាធិបតេយ្យ   នៅចំណុចក្នុងព្រលានយន្តហោះវាលបែកចាន និងលើផ្លូវហាយវេ(ផ្លូវវាងក្រុងបាត់ដំបង) ។

យ៉ាងណាសកម្មភាពបែបនេះត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាប និងបានធ្វើការនាំខ្លួនពួកគេចំនួន ១៣ នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តរួមជាមួយម៉ូតូចំនួន ០៦ គ្រឿងផងដែរ។

មន្រ្តីនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ដោយអនុវត្តន៍តាមយោបល់ណែនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៤រសៀល រហូតដល់ វេលាម៉ោង ៦ល្ងាច សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនក្រុមក្មេងស្ទាវបង្ហោះម៉ូតូកង់១ចំនួន១៣នាក់នៅចំណុចក្នុងព្រលានយន្តហោះវាលបែកចាន និងលើផ្លូវហាយវេ(ផ្លូវវាងក្រុង)។

 លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា លោកបានចាត់តាំងលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍ចុះប្រតិបត្តិការបង្ក្រាបករណីជិះម៉ូតូ( បង្ហោះ) លេីដងផ្លូវនៅចំណុចខាងលើ ដោយបានបានធ្វេីការនាំខ្លួនក្មេងស្ទាវទាំង ១៣ នាក់ មកកាន់ស្នងការដ្ឋានរួមជាមួយម៉ូតូចំនួន ០៦ គ្រឿងផងដើម្បីធ្វើការអប់រំណែនាំក្នុងការធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណ:។

ប្រជាពលរដ្ឋរស់នៅក្បែរនោះបានឲ្យដឹងថា នៅលើផ្លូវហាយវេ(វាងក្រុង)និងក្នុងព្រលានយន្តហោះវាលបែកចានស្ទើរតែរាល់ថ្ងៃមានក្រុមក្មេងស្ទាវបង្កភាពអនាធិបតេយ្យតែងជិះម៉ូតូបង្ហោះចុះឡេីងក្នុងល្បឿនយ៉ាងលឿន ជាហេតុបង្កឱ្យមានការរំខានពីអ្នកប្រេីប្រាស់ផ្លូវ ហេីយម្តងម្កាលបានបង្កករណីគ្រោះថ្នាក់ផងដែរ។ ជារឿយៗសមត្ថកិច្ចនគរបាលចេញបង្រ្កាបនាំខ្លួនពួកគេមកអប់រំណែនាំឱ្យឈប់ប្រព្រឹត្តបែបនេះ ប៉ុន្តែបានស្ងប់ស្ងាត់បានតែបន្តិចក៏កើតមានសកម្មភាពបែបនេះកើតឡើងវិញដដែល។

 បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងតែធ្វើការអប់រំនិងឲ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាយកទៅអប់រំបន្តនៅគេហដ្ឋានវិញកុំឲ្យពួកគេប្រព្រឹត្តបែបនេះតទៅទៀត៕

ដោយ៖ប្រាថ្នា


ចែករំលែក៖