ភ្នំពេញ៖ បុរសម្នាក់សង្ស័យមានជំងឺសរសៃប្រសាទចង់លោតសម្លាប់ខ្លួនពីលើអគារសាលារៀន WISC តែត្រូវបានគេជួយឃាត់ទាន់ពេលវេលា។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចអគារសាលារៀនមួយកន្លែងដែលមានឈ្មោះថា WISC តាមបណ្តោយផ្លូវលេខ២៣០ហៅផ្លូវកោសដូងក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានឈរលើដែកបង្កាន់ដៃជញ្ជាំងសាលារៀនWISCជាន់ទី៣ដោយដៃម្ខាងកាន់ជាប់នឹងម៉ាសុីនត្រជាក់ដើម្បីប្រុងលោតសម្លាប់ខ្លួន តែសំណាងល្អត្រូវបាន គេជួយទាញបុរសខាងលើនោះចូលទៅក្នុងវិញទាន់ពេលវេលា។
បុរសខាងលើគាត់បានប្រាប់ថា គាត់មានឈ្មោះ សុខ ឧត្តម អាយុ៣៥ឆ្នាំ មិនបញ្ជាក់មុខរបរ ហើយគាត់បានប្រាប់ទៀតថា គាត់មិនដឹងទេពីមូលហេតុអ្វីដែលគាត់បានមកដល់កន្លែងកើតហេតុនេះ ហើយមូលហេតុឡើងទៅឈរលើដែកបង្កាន់ដៃនេះ ក៏គាត់មិនដឹងដែរ។
ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ រួមជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ ហើយបានព្យាបាលបុរសខាងលើ រួចប្រគល់ឱ្យសមត្ថកិច្ចយកទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំនិងអប់រំបន្ថែម៕ ដោយ៖ រ៉ារ៉ា