ក្រោយទទួលបានដំណឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងភរិយាឆ្លងកូវីដ-១៩មក មេដឹកនាំជាច្រើននៅជុំវិញពិភពលោក បានជូនពរលោកត្រាំឆាប់ជាសះស្បើយ ឆ្លងផុតដំណាក់កាលដ៏លំបាកនេះ។ ក្នុងចំណោមមេដឹកនាំដែលជូនពរលោកត្រាំ មានទាំងមេដឹកនាំកូរ៉េខាងជើងផងដែរ។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើលិខិតជូនពរលោកត្រាំឲ្យឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩។ សារព័ត៌មានជាតិកូរ៉េខាងជើង KCNAនៅថ្ងៃទី៣ខែតុលាបានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន បានផ្ញើលិខិតចូលរួមជាមួយលោកត្រាំ និងជូនពរលោក ព្រមទាំងភរិយាឆាប់ជាសះស្បើយពីកូវីដ-១៩។
សារព័ត៌មានKCNA បានផ្សាយថា លោកគីម ជុងអ៊ុនបានលើកឡើងថា លោកត្រាំនឹងជាសះស្បើយក្នុងពេលឆាប់ៗនេះ ។ លោកត្រាំគឺជាប្រធានាធិបតីដែលមានទំនាក់ទំនងបុគ្គលជិតស្និទ្ធជាមួយមេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន ដោយមេដឹកនាំទាំងពីរបានជួបគ្នាដោយផ្ទាល់៣លើករួមមកហើយ។ ជំនួបលើកទីមួយគឺនៅថ្ងៃទី ១២ខែមិថុនាឆ្នាំ២០១៨ ក្នុងប្រទេសសិង្ហបុរី លើកទីពីរនៅទីក្រុងហាណូយប្រទេសវៀតណាម ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៩ និងលើកទី៣នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៩ ក្នុងតំបន់ព្រំដែនគ្មានយោធារបស់ប្រទេសកូរ៉េទាំងពីរ។
ការខិតខំរបស់អាមេរិក គឺដើម្បីឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីបរមាណូ ប៉ុន្តែកិច្ចពិភាក្សា មិនទទួលបានជោគជ័យឈានដល់កិច្ចព្រមព្រៀង។ ប្រទេសទាំងពីរនៅមានចំណុចជាច្រើនមិនទាន់ចុះសម្រុងគ្នា ប៉ុន្តែមេដឹកនាំទាំងពីរនៅតែរក្សាទំនាក់ទំនងបុគ្គលយ៉ាងល្អ ៕ដោយ៖ធី រីណា