ក្រោយពេលលោកត្រាំបានឆ្លងកូវីដ-១៩ បេក្ខភាពប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានទៅធ្វើតេស្ត ផងដែរ ដោយខ្លាចឆ្លងពីលោកត្រាំ ដោយសារតែរូបលោកនិងលោកត្រាំ បានជួបគ្នាកាលពីថ្ងៃទី២៩ខែកញ្ញា ក្នុងការតស៊ូមតិផ្ទាល់ជាលើកដំបូង។ ប៉ុន្តែពេលនោះលោកបៃឌិនបាន រក្សាគម្លាតយ៉ាងល្អពីលោកត្រាំ។
លោកវេជ្ជបណ្ដិត Kevin O’Connor បានបញ្ជាក់ថា
«លោកចូ បៃឌិន និងភរិយាបានធ្វើតេស្តរកវីរុសកូវីដ-១៩ ហើយលទ្ធផលបានចេញមកហើយគឺអវិជ្ជមាន »។ នៅលើបណ្តាញសង្គម Twitter លោកបៃឌិន ក៏បានប្រកាសថា «ខ្ញុំនិងភរិយា Jill Biden បានធ្វើតេស្តរួចហើយ ដោយមិនមានផ្ទុកកូវីដ-១៩ ឡើយ»។
កន្លងមក សារព័ត៌មានCNN បានផ្សាយថា បេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ លោកចូ បៃឌិនបានទៅធ្វើតេស្តស្វែងរកកូវីដ-១៩។ នៅក្នុងជំនួបតស៊ូមតិកាលពីថ្ងៃទី២៩ ខែកញ្ញា លោកបៃឌិនបានឈរឆ្ងាយពីលោកត្រាំ២ម៉ែត្រដោយមិនពាក់ម៉ាស់ឡើយ។ ទាំងនោះហើយទើបលោកបៃឌិនត្រូវធ្វើតេស្តឲ្យបានច្បាស់។
នៅពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងផ្អាករាល់សកម្មភាពឃោសនាបោះឆ្នោត ក្រោយការឆ្លងកូវីដ-១៩ ។ កាលពីយប់ថ្ងៃទី២ខែតុលា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជូនទៅកាន់មជ្ឈមណ្ឌលសុខាភិបាលយោធា Walter Reed នៅក្រៅទីក្រុងវ៉ាស៊ីនតោនដើម្បីព្យាបាលជំងឺ កូវីដ-១៩ ៕
ដោយ៖ធី រីណា