ភ្នំពេញ ៖ នគរបាលបានឃាត់ខ្លួនបុរសម្នាក់ដែលមានសតិមិនល្អបង្កសំឡេងរំខានដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរខាងហើយកម្លាំងនគរបាលប៉ុស្តិ៍បានចុះធ្វើអន្តរាគមន៍តាំងពីយប់រហូតដល់ព្រឹកទើបឃាត់ខ្លួននាំយកទៅស្នាក់ការប៉ុស្តិ៍។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នៅចំណុចក្បែររង្វង់មូលផ្សារដើមថ្កូវ ខណ្ឌចំការមន ។
បុរសដែលរំខានការរស់នៅរបស់អ្នកជិតខាងនោះឈ្មោះ ឆាយ ឧត្ដម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២៧ ផ្លូវលេខ៤៩៦ ក្រុម១០ ស្ថិតនៅភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
លោក សូ សំបាន នាយប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវបានឱ្យដឹងថា ប្រជាពលរដ្ឋអ្នកជិតខាងដែលរងសំឡេងរំខានដោយសារតែបុរសមានសតិមិនល្អគ្មានឪពុកម្ដាយដែលរស់នៅផ្ទះកើតហេតុខាងលើបានប្ដឹងមកនគរបាលយើងសុំកិច្ចអន្តរាគមន៍ ហើយភ្លាមៗនោះនគរបាលបានចុះទៅដល់ទីតាំងកើតហេតុកាលវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី២ ខែ តុលា ឆ្នាំ២០២០ ដោយមានឧបករណ៍សម្រាប់ការពារពេលជនសតិមិនល្អបង្កហេតុឡើង តែបុរសម្នាក់នោះចាក់សោពីក្នុងផ្ទះហៅយ៉ាងណានៅតែមិនព្រមចេញ រហូតដល់ម៉ោង១១យប់កម្លាំងយើងឃើញស្ងាត់ក៏បានដកចេញពីកន្លែងកើតហេតុដោយសារយើងមិនហ៊ានចូលក្នុងផ្ទះព្រោះងងឹតពេក គឺរង់ចាំតាមដានបន្តទៀត តែកម្លាំងនគរបាលស្ថិតនៅក្បែរទីតាំងមិនឱ្យជនខាងលើបង្កហិង្សាឬប៉ះពាល់ប្រជាពលរដ្ឋឡើយ ។រហូតដល់ព្រឹកបុរសដែលមានសតិមិនគ្រប់នោះបានដើរចេញពីក្នុងផ្ទះកម្លាំងសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនយកមកស្នាក់ការប៉ុស្តិ៍តែម្ដង ។
មន្ត្រីនគរបាលបន្តថា កម្លាំងនគរបាលសូមបញ្ជាក់ប្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានថា អាជ្ញាធរឱ្យតែទទួលបានព័ត៌មានមិនថារឿងអីនោះទេគឺតែងចុះដល់លំនៅឋានភ្លាម។ដូចជារឿងបុរសសតិមិនគ្រប់ខាងលើនេះ នគរបាលធ្លាប់ឃាត់ខ្លួនក្នុងអំឡុងឆ្នាំ២០១៩បញ្ជូនទៅមន្ទីរសង្គមកិច្ចម្ដងមកហើយ តែពេលចេញមកវិញនៅតែដដែលនិងធ្វើឱ្យមានសំឡេងរំខានបង្កការភ័យខ្លាចដល់អ្នករស់នៅជិតខាង ទើបពេលនេះបានឃាត់ខ្លួនប្រគល់ទៅឱ្យសាលាសង្កាត់បញ្ជូនទៅសង្គមកិច្ចម្ដងទៀត ៕
ដោយ៖ ជីណា