អន្តរជាតិ៖ បើតាមការអះអាងរបស់លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla Inc បានបង្ហាញនៅថ្ងៃសុក្រទី២ ខែតុលាឆ្នាំ២០២០ថាក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គីសនី របស់សហរដ្ឋអាមេរិកមួយនេះ នឹងឈានជើងចូលទៅកាន់ទីផ្សារប្រទេសឥណ្ឌា នៅឆ្នាំ២០២១ខាងមុខ ហើយការចូលទៅកាន់ទីផ្សារឥណ្ឌារបស់ក្រុមហ៊ុនTesla អាចនឹងកើតឡើងចំពេលដែលលោកនាយករដ្ឋមន្ត្រីឥណ្ឌាNarendra Modi កំពុងតែជម្រុញឲ្យបង្កើនការប្រើប្រាស់ និងផលិតរថយន្តដើរដោយថាមពលអគ្គីសនី ។
បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣ខែតុលា ឆ្នាំ២០២០នេះ បាននិយាយថា ក្រុមហ៊ុន Tesla Inc ត្រូវបានគេរាយការណ៍មកថា បានយល់ព្រមទិញយកក្រុមហ៊ុនផលិតអាគុយ ATW របស់ប្រទេសអាល្លឺម៉ង់ ក្នុងតម្លៃមួយដ៏ខ្ពស់ ដើម្បីពង្រីកការផ្គត់ផ្គង់ ទីផ្សារឧស្សាហកម្មរថយន្តរបស់ខ្លួនឱ្យកាន់តែអស្ចារ្យថែមទៀត។
សូមជម្រាបថា ក្រុមហ៊ុន ATW គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាណាដាATS Automation Tooling Systems Inc ហើយថ្មីៗនេះក្រុមហ៊ុនកាណាដាមួយនេះបានប្រកាសពី ហានិភ័យនៃប្រាក់ចំណូល និងមានបំណងចង់លក់ចេញ ដោយក្នុងនោះត្រូវបានគេដឹងថាក្រុមហ៊ុន Tesla ជាអ្នកចាប់អារម្មណ៍នឹងទិញយកភ្លាមៗ ប៉ុន្តែមិនបាន បង្ហាញឱ្យដឹងពីទំហំទឹកប្រាក់នោះទេ។
ទាក់ទិននឹងបញ្ហានេះ សារព័ត៌មានក្នុងស្រុករបស់អាល្លឺម៉ង់ជាច្រើនបានចេញផ្សាយអំពីការទិញលក់នេះ និងបានបញ្ជាក់ថា ក្រុមហ៊ុន ATW បច្ចុប្បន្នមានបុគ្គលិកប្រមាណ ១២០នាក់ និងជាខ្សែសង្វាក់ផលិតកម្មអាគុយសម្រាប់ក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ ដែលមានជាង២០ក្រុមហ៊ុនជាដៃគូ ៕ដោយ៖ស តារា