ភ្នំពេញ ៖ អង្គការមូលនិធិសប្បុរសធម៌ឆឺជី និងសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់ផ្ទាំងអំពូលសឡាដល់ប្រជាពលរដ្ឋចំនួន ១៤៤ខ្នងផ្ទះ ដែលរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ ។
ពិធីផ្តល់អំពូលប្រើពន្លឺព្រះអាទិត្យ (សឡា) នេះ ប្រារព្ឋធ្វើឡើង ក្រោមវត្តមាន លោក ថេង សុថុល អភិបាល នៃគណៈ អភិបាលខណ្ឌចំការមន និងលោក ងួន សុភៈ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងចៅសង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
លោក សៀរ ម៉ីងស៊ីង ប្រធានអង្គការមូលនិធិ ឆឺជីប្រចាំកម្ពុជា បានអោយដឹងថា នេះគឺជាលើកទី២ ហើយ ដែលអង្គការរបស់លោកបានសហការជាមួយអាជ្ញាធរខណ្ឌចំការមន នាំយកអំណោយសប្បុរសធម៌មកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌ ដែលជួបការលំបាកក្នុងពេលកូវីដ-១៩ កំពុងរាតត្បាតជាសាកលនេះ ហើយក៏មានប្រជាពលរដ្ឋចំនួន ២២៥គ្រួសារ ត្រូវបានទទួលអំណោយសប្បុរសម្តងរួចមកហើយដែរ។
លោកបន្តថា អង្គការមូលនិធិពុទ្ធសាសនាឆឺជី ចូលមកដល់កម្ពុជា តាំងក្នុងដើមឆ្នាំ២០១១ ហើយគិតមកត្រឹមពេលនេះ ឆឺជី មានអាយុកាល១០ឆ្នាំហើយនៅក្នុងប្រទេសមួយនេះ ។ មូលនិធិសប្បុរសធម៌ឆឺជី បង្កើតឡើង ក្នុងគោលបំណងសំដៅទៅរកការដោះស្រាយទុក្ខលំបាករបស់ប្រជាជនមិនថា ក្នុងតំបន់អាស៊ី ឬ អឺរ៉ុបឡើយ ។ អង្គការមូលនិធិពុទ្ធសាសនាឆឺជី-កម្ពុជា អាចដំណើរការជួយបងប្អូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះទៅបាន គឺដោយមាន ការផ្គត់ផ្គង់ជំនួយជាបន្តបន្ទាប់ពី ភិក្ខុនី ជឹងយៀន ដែលរស់នៅតៃវ៉ាន់ និងចិនជាដើម ។
ក្នុងឱកាសនោះដែរ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខណ្ឌ លោកពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះអង្គការមូលនិធិពុទ្ធសាសនា ឆឺជី និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខលំបាក និងចូលរួមអនុវត្តគោលនយោបាយភូមិ~ឃុំមានសុវត្ថិភាពជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងខណ្ឌចំការមនរបស់យើង ។ ហើយអំណោយដែលត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋ នៅពេលនេះ គឺជាសក្ខីភាព មួយសបញ្ជាក់អោយឃើញបេះដូងសប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះ ដោយគ្មានការប្រកាន់ ទៅលើពណ៌សប្បុរ ឬសាសនានោះឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្ត អាណិត ស្រាលាញ់ រាប់អាន គ្មានគិតគុណបុណ្យឬផលប្រយោជន៍ផ្ទាល់ខ្លួន និងការតបស្នងអ្វីទាំងអស់។
នាឱកាសនោះដែរលោកអភិបាលខណ្ឌ សុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកទទួលអំណោយ ក៏ដូចជាប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមន និងក្នុងរាជធានីភ្នំពេញ រៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំបោះសំរាមចោលរក្សាបរិស្ថានក្នុងសហគមន៍ឱ្យបានល្អ ជាពិសេសក្នុងសម័យកូវីដ-១៩នេះ សុំបន្តអនុវត្តវិធានអនាម័យឱ្យបានជាប់ជាប្រចាំ គឺរស់នៅស្អាត ហូបចុកស្អាត បរិស្ថានល្អ ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺលាងដៃឱ្យបានញឹកញាប់ ពាក់ម៉ាស និងរក្សាគំលាតសង្គមឱ្យបានល្អ ដើម្បីរួមគ្នាទប់ស្កាត់ និងការពារ ការរីករាលដាលជំងឺកូវីដ-១៩ មកក្នុងសហគមន៍របស់យើង។
សូមបញ្ជាក់ផងដែរ អំណោយដែលបងប្អូនប្រជាពលរដ្ឋ ទទួលបាននៅថ្ងៃនេះគឺ ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្គរ ៤០គីឡូក្រាម, ផ្ទាំងអំពូលសឡា១កំប្លេរ និងនំប៉័ងជ្រុង១ដើម ៕
ដោយ៖ជី ណា