ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេងខ្មែរ÷រឿង បុរស​កម្សត់​សង់​ខ្ទម​ក្បែរ​ផ្ទះ​សេដ្ឋី ធ្វើ​ត្រាប់​សេដ្ឋី

ចែករំលែក៖

មាន​និទាន​មួយ​ថា : មាន​បុរស​ប្ដី​ប្រពន្ធ​នឹង​កូន​ស្រី​មួយ​ជា​អ្នក​លំបាក កម្សត់​ទុគ៌ត រក​ព្រឹក​បាន​ស៊ី​តែ​ព្រឹក រក​ល្ងាច​បាន​ស៊ី​តែ​ល្ងាច ពុំ​មាន​ទ្រព្យ​របស់​អម្រស់អម្រ​អ្វី​ឡើយ ទើប​បុរស​ប្ដី​ប្រពន្ធ​នោះ​គិត​គ្នា​ថា “ លំនៅ​យើង​សព្វ​ថ្ងៃ​នេះ​លំបាក​ណាស់ មក​យើង​ទៅ​រក​លោក​ឯណា​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យើង​ទៅ​នៅ​ខាង​លោក លប​មើល​ដំណើរ​លោក ៗ ធ្វើ​ការ​ម្ដេច​ខ្លះ​បាន​ជា​មាន​ទ្រព្យ​របស់​ច្រើន ” ។ អ្នក​ទាំង ២ នាក់​ប្ដី​ប្រពន្ធ​នោះ គិត​គ្នា​ដូច្នោះ​ហើយ ក៏​រុះ​រើ​ខ្ទម​ទៅ​សង់​នៅ​ក្បែរ​ខាង​ផ្ទះ​សេដ្ឋី ។ សេដ្ឋី​នោះ​ឯង តែង​ប្រើ​ខ្ញុំ​ឲ្យ​ទៅ​ជួញ​ប្រែ ធ្វើ​ស្រែ​ចម្ការ បាន​ទ្រព្យ​របស់​បំពេញ​ឃ្លាំង​ពុំ​ដែល​ដាច់​ឡើយ ។ ឯ​បុរស​ប្ដី​ប្រពន្ធ និង​កូន​មួយ បាន​ធ្វើ​ត្រាប់​តាម​អំពី​ការ​ទាំង​អម្បាល​នោះ​របស់​សេដ្ឋី ។ ចំណេរ​លង់​ទៅ កើត​ផល​ប្រយោជន៍ បាន​ទ្រព្យ​របស់​ច្រើន ទើប​បុរស​នោះ​ដឹង​គុណ​មហាសេដ្ឋី ហើយ​ក៏​យក​មាស​មួយ​ស្ទក់​មក​ជូន​មហាសេដ្ឋី ។ មហាសេដ្ឋី ដណ្ដឹង​ថា “ហេតុ​ម្ដេច​បាន​ជា​ចៅ​យក​មាស​ឲ្យ​អញ ?” ។ បុរស​ប្រាប់​ថា “ត្បិត​ខ្ញុំ​បាទ​នេះ ជា​អ្នក​កម្សត់​ទុគ៌ត ខ្ញុំ​បាទ​រុះ​រើ​ខ្ទម​មក​នៅ​ក្បែរ​ផ្ទះ​លោក ខ្ញុំ​បាទ​មើល​ឃើញ​លោក តែង​ប្រើ​អស់​ខ្ញុំ​កំដរ​ឲ្យ​ទៅ​ជួញ​ប្រែ​ធ្វើ​ស្រែ​កាប់​ចម្ការ​ឲ្យ​បាន​ជា​ទ្រព្យ​របស់​មក ខ្ញុំ​បាទ​ប្ដី​ប្រពន្ធ​និង​កូន មួយ​ធ្វើ​ត្រាប់​អំពី​ការ​ទាំង​នោះ​តាម​លោក ក៏​បាន​ជា​អ្នក​មាន​ទ្រព្យ​របស់​លោះ​ខ្ញុំ​កំដរ ទិញ​គោ​ក្របី​បាន​ប្រើ​ជា​ច្រើន ទើប​ខ្ញុំ​បាទ​រលឹក​ដល់​គុណ​លោក ហើយ​ខ្ញុំ​បាទ​យក​មាស​មួយ​ស្ទក់​មក​ជូន​លោក​ហោង” ។ សេដ្ឋី​ថា “ចៅ​បាន​ទ្រព្យ​អម្បាល​នេះ អញ​ស្មាន​ថា ចៅ​បាន​ពី​ណា បើ​ចៅ​បាន ត្បិត​ចៅ​ធ្វើ​តាម​ចំណេះ​អញ​តែង​ធ្វើ​ដូច្នេះ​ហើយ ចូរ​ចៅ​ទៅ​យក​ទ្រព្យ​អម្បាល​នោះ​មក​ឲ្យ​អញ ៗ នឹង​ចែក​រំលែក​ឲ្យ​ចៅ​ខ្លះ” ។ បុរស​នោះ​ឆ្លើយ​ថា “ ត្បិត​ខ្ញុំ​ព្រះបាទ​ធ្វើ​អំពី​ការ​ត្រាប់​តាម​លោក បាន​ទ្រព្យ​របស់​អម្បាល​នេះ ខ្ញុំ​បាទ​រលឹក​គុណ​លោក ទើប​ខ្ញុំ​យក​មាស​មួយ​ស្ទក់​មក​ជូន ខ្ញុំ​បាទ​យល់​ថា លោក​នឹង​យក​តែ​ប៉ុណ្ណេះ បើ​លោក​ប្រើ​ខ្ញុំ​បាទ​ឲ្យ​ទៅ​យក​របស់​ខ្ញុំ​បាទ​ទាំង​អស់​មក ខ្ញុំ​បាទ​ពុំ​យក​មក​ជូន​ទេ” ។ សេដ្ឋី និង​បុរស​នោះ​ប្រកែក​ដណ្ដើម​ទ្រព្យ​គ្នា​ទៅ​វិញ​ទៅ​មក ទើប​សេដ្ឋី​នាំ​បុរស​នោះ​ទៅ​ដល់​ចៅក្រម​ជំនុំ​ពិចារណា ចៅក្រម​ជំនុំ​ជម្រះ​រឿង​នោះ​ពុំ​បាន ទើប​នាំ​សេដ្ឋី​និង​បុរស​នោះ​ទៅ​គាល់​ព្រះមហាក្សត្រ ។ បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា “ ខ្ញុំ​ព្រះបាទ​អម្ចាស់​នេះ​នៅ​ក្បែរ​ផ្ទះ​សេដ្ឋី​នេះ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​យល់​គាត់​តែង​ប្រែ​ខ្ញុំ​កំដរ​គាត់​ឲ្យ​ទៅ​ជួញ​ប្រែ ធ្វើ​ស្រែ​ចម្ការ​បាន​ទ្រព្យ​ជា​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​គាត់ ហើយ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ប្ដី​ប្រពន្ធ​និង​កូន​មួយ យក​ខ្លួន​ធ្វើ​នូវ​អំពើ​ការ​ត្រាប់​តាម​គាត់ បាន​ទ្រព្យ​របស់​លោះ​ខ្ញុំ​ទិញ​គោ​ក្របី ទើប​ខ្ញុំ​ព្រះបាទ​អម្ចាស់​គិត​ដល់​គុណ​គាត់ ហើយ​យក​មាស​មួយ​ស្ទក់​ទៅ​ឲ្យ​គាត់ ៗ ពុំ​យក​តែ​មាស​មួយ​ស្ទក់​នេះ​ឡើយ គាត់​ប្រើ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ទៅ​យក​ទ្រព្យ​របស់ មាស​ប្រាក់ មក​ឲ្យ​គាត់​ទាំង​អស់​ហើយ​គាត់​នឹង​ចែក​ឲ្យ​ខ្ញុំ​ព្រះបាទ​អម្ចាស់​វិញ ខ្ញុំ​ព្រះបាទ​អម្ចាស់​ពុំ​យក​ទ្រព្យ​ទាំង​នោះ​មក​ឲ្យ​គាត់ ទើប​គាត់​នាំ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ទៅ​ប្ដឹង​ចៅ​ក្រម​ឲ្យ​ជំនុំ​ជម្រះ​ពិចារណា ចៅក្រម​ជំនុំ​ពុំ​បាន សេចក្ដី​ទាំង​នេះ​ពុំ​ចេរ សូម​ទ្រង់​ព្រះចិន្ដា​ពិចារណា​ឲ្យ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ហោង” ។ ទើប​ព្រះមហាក្សត្រ​ទ្រង់​ត្រាស់​ដណ្ដឹង​ទៅ​សេដ្ឋី​ថា “ ម្នាល​ព្រះស្ដែង ! ដំណើរ​ព្រះស្ដែង​តើ​ដូច​ម្ដេច ? ” ។ សេដ្ឋី​ក្រាប​ទូល​ថា “ ដំណើរ​សេដ្ឋី​នៃ​ខ្ញុំ​ព្រះបាទ​អម្ចាស់​នេះ ដូច​ពាក្យ​បុរស​ក្រាប​ទូល​នេះ​ហោង” ។ ព្រះមហាក្សត្រ​ទ្រង់​យល់​ថា សេដ្ឋី​លោភ​មែន​ពិត ទើប​ព្រះអង្គ​មាន​ព្រះបន្ទូល​ដណ្ដឹង​ថា “ ម្នាល​សេដ្ឋី ! ព្រះស្ដែង​មាន​កូន​ឬ​ឥត​កូន” ។ សេដ្ឋី​ក្រាប​បង្គំ​ទូល​ថា “ ខ្ញុំ​ព្រះបាទ​អម្ចាស់​មាន​កូន​ប្រុស​មួយ ” ។ ទើប​ព្រះអង្គ​មាន​ព្រះបន្ទូល​ដណ្ដឹង​ទៅ​បុរស​នោះ​វិញ​ថា ព្រះស្ដែង​មាន​កូន​ឬ​ឥត​កូន ?​” ។ បុរស​ក្រាប​បង្គំ​ទូល​ថា “ខ្ញុំ​ព្រះបាទ​អម្ចាស់​មាន​កូន​ស្រី​មួយ” ។ ព្រះមហាក្សត្រ​មាន​ព្រះ​បន្ទូល​ថា “ម្នាល​ព្រះ​ស្ដែង​ទាំង ២ អើយ ! ម្ល៉េះ​ហើយ​កុំ​ខឹង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក អញ​ឲ្យ​ព្រះស្ដែង​ទាំង ២ ចង​ពន្ធ​នឹង​គ្នា ឲ្យ​កូន​ប្រុស​សេដ្ឋី​និង​កូន​ស្រី​អ្នក​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ទៅ ដើម្បី​ឲ្យ​ទ្រព្យ​របស់​ព្រះស្ដែង​ទាំង ២ នាក់​មូល​ទៅ​លើ​កូន​នោះ​ឯង ។ សេដ្ឋី​និង​បុរស​ស្ដាប់​ព្រះបន្ទូល​ដូច្នោះ​ហើយ ចូល​ចិត្ត​ក៏​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​លំនៅ​អាត្មា រិះ​រក​ប្រដាប់​ការ​កូន​ទាំង ២ សម្រេច​ដោយ​ប្រការ​អម្បាល​នេះ​ហោង ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖