ខេត្តពោធិ៍សាត់ ៖ អ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1H -5984 និងអ្នករួមដំណើរចំនួន២នាក់ទៀតបានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយសារត្រូវអ្នកបើកបររថយន្តម៉ាកឡិចស៊ីស Rx៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-0881 បុកនៅគ្រាកំពុងធ្វើដំណើរស្របទិសគ្នា ។
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត នឹងអ្នកជិះម៉ូតូ បណ្ដាលឲ្យភាគីម៉ូតូរងរបួសធ្ងន់រហូតដល់ទៅ៣នាក់ខាងលើ នេះបានកើតឡើងនៅវេលាម៉ោង៤ និង៤៥នាទីរសៀលថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលំក្រាលក្រួសក្រហម ស្ថិតនៅភូមិកំរែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាននានានៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញរថយន្តបង្កLEXUS RX 330ធ្វើចរាចរណ៍ក្នុងទិសដៅពីទិសខាងលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុបានជ្រុលទៅបុកអ្នកជិះម៉ូតូពីក្រោយ(ស្របគ្នា) បណ្ដាលឲ្យរងរបួសធ្ងន់ដេករដូករណែល ប៉ុន្តែរថយន្តបង្កមិនបានឈប់មើលជនរងគ្រោះទេ គឺបានបន្ថែមល្បឿនរហូតដល់ចំណុចស្ពានផាន់ ក្នុងភូមិកណ្ដាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទើបចតរថយន្តចោលរត់គេចខ្លួនបាត់ ។
ប្រភពដដែលបន្តទៀតថា ជនរងរបួសធ្ងន់បើកបរម៉ូតូឈ្មោះ ប៉ាក ចន្ធូ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ និងអ្នករួមដំណើរទី១-ឈ្មោះ ផាត ភាព ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា(របួសធ្ងន់) និងទី២-ឈ្មោះ ផ្លាន គឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា(របួសធ្ងន់) ។
ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ភ្លាមៗនោះជនរងរបួសធ្ងន់ទាំងអស់ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងម៉ូតូភាគីរងរបួសបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយស។ ដោយឡែក រថយន្តបង្កបានយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើតុំ ៕ ដោយ៖ បុឹម ពិន