ព័ត៌មានទាន់ហេតុការណ៍៖

អ្នកណាមិនរន្ធត់! បើកំពុងនាំគ្នាជូតម៉ូតូក្រោមផ្ទះត្រូវរន្ទះបាញ់ឆក់យកជីវិតប្តីយ៉ាងផុយបែបនេះ!!

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កាលពីរសៀលម្សិលមិញថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ នៅចំណុចត្រពាំងស្លា ស្ថិតនៅក្នុងភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះធម្មជាតិ(រន្ទះបាញ់)មួយបានកើតឡើង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ស្រស់ៗនៅនឹងមុខប្រពន្ធ និងកូនស្រីតូច។

 អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ ភ្នំ ជលសា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ ប៉ន ចិន្ដា អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ និងមានកូនស្រី១នាក់ក្នុងបន្ទុកគ្រួសារ ។

 អាជ្ញាធរឱ្យដឹងបន្តទៀតថា ករណីគ្រោះថ្នាក់ធម្មជាតិ(រន្ទះបាញ់)បណ្ដាលឲ្យមនុស្សស្លាប់ខាងលើនេះបានកើតឡើងនៅគ្រាដែលជនរងគ្រោះកំពុងនាំប្រពន្ធ និងកូនស្រីតូចជូតម៉ូតូនៅក្រោមផ្ទះ ខណៈមេឃកំពុងធ្លាក់ភ្លៀងលាយឡំទៅដោយខ្យល់ ផ្គរ និងរន្ទះទើបបណ្ដាលឲ្យបាញ់ស្លាប់បែបនេះ ។

 ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ករណីខាងលើសមត្ថកិច្ចជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យ និងស្រាវជ្រាវធ្វើកំណត់ហេតុប្រគល់សពត្រឹមត្រូវដើម្បីឱ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី និងរាយការណ៍ជូនថ្នាក់លើបន្ត ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖