ខេត្តសៀមរាប ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកវ៉ារិនបានឃាត់ខ្លួនក្មេងទំនើងចំនួន ០៣នាក់ ករណីហិង្សាដោយចេតនា កាលពីរសៀលថ្ងៃសៅរ៍ទី០៣ ខែតុលា ឆ្នាំ២០២០នៅលើដងផ្លូវលេខ២៦៦ ចំណុចភូមិទួលរមៀត ឃុំវ៉ារិន ស្រុកវ៉ារិន។
អធិការនៃអធិការដ្ឋានស្រុកវ៉ារិនលោកវរសេនីយ៍ឯក ហុង ប៉ូហេងបានបញ្ជាក់ថា អំពើហិង្សាដោយចេតនានេះបង្កដោយជនសង្ស័យចំនួន០៣នាក់មាន៖
១.ឈ្មោះ រៀម ឃីម ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិទួលរមៀត ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ។
២. ឈ្មោះ ស៊ត់ ថន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិទួលរមៀត ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ។
៣. ឈ្មោះ ស៊ត់ វី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិទួលរមៀត ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯកបានបញ្ជាក់បន្ថែមថាករណីនេះជនសង្ស័យបានយកកាំបិតដាវកាប់ទៅលើជនរងគ្រោះ ឈ្មោះ ហឹស ហឺរ ភេទប្រុស មានទីលំនៅភូមិទួលរមៀត ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប បណ្ដាលឲ្យរបួសធ្ងន់ ត្រូវក្រុមគ្រួសារជនរងគ្រោះដឹកទៅកាន់មន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើអន្តរាគមន៍ និងឃាត់ជនសង្ស័យទាំង ០៣នាក់នេះនៅកន្លែងកើតហេតុ ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដេីម្បីអនុវត្តនីតិវិធី ៕ដោយ៖ប្រាថ្នា