ខេត្តកំពង់ស្ពឺ ៖ នាយនគរបាល ក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន ៤រូបក្នុងនោះមានអធិការរងស្រុកភ្នំស្រួច មួយរូបត្រូវបានបញ្ចប់មុខតំណែង ។ ដោយឡែកលោកស្នងការ និងមន្ត្រីចំនួនពីររូបទៀតត្រូវបានព្រមានជាលាយលក្ខណ៍អក្សរ ។
លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ៖ អធិការរងស្រុកភ្នំស្រួច លោក អុឹង ឡាយឆាយ ត្រូវបានបញ្ចប់តំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ដោយសារតែបុគ្គលនេះរំលោភលំនៅដ្ឋាន និងបង្ខាំងដោយខុសច្បាប់ ។ ស្របពេលជាមួយគ្នានេះដែរ ក៏មានប្រភពខ្លះបានបញ្ជាក់ថា លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ រួមជាមួយនឹងមន្ត្រីពីររូបទៀតត្រូវបានព្រមានពីថ្នាក់លើ សង្ស័យជាប់ពាក់ព័ន្ធទៅនឹងកំហុសឆ្លង ក្នុងការងារ និងការប្រព្រឹត្តអំពើមិនគប្បីណាមួយ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់អ្នកកាសែតថា ៖ មូលហេតុដែលនាំឲ្យមានការបញ្ចប់តំណែងឬដកបញ្ឈរជើងនេះ ដោយសារតែមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ រំលោភលំនៅដ្ឋានមានស្ថានទម្ងន់ ចាប់ឃុំឃាំង និងបង្ឃាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ និងបទគំរាមកំហែង។
លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាក់អ្នកកាសែតផងដែរថា ៖ ការអនុវត្តច្បាប់ទៅលើអធិការរងស្រុកភ្នំស្រួច នោះជាលក្ខខណ្ឌមន្ត្រីនគរបាលជាតិ ដែលបុគ្គលនេះកន្លងទៅមិនស្ដាប់ការណែនាំ និងមានកំហុសធ្ងន់ធ្ងរ ទើបត្រូវទទួលវិន័យបែបនេះក្នុងជួរកងកម្លាំង។
បើយោងតាមលិខិតរបស់លោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានជម្រាបជូននាយឧត្តមសេនីយ៍បសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ៖ កន្លងមកក្រសួងមហាផ្ទៃបានទទួលពាក្យបណ្ដឹងចោទប្រកាន់លោកអធិការងអុឹង ឡាយឆាយ អធិការរងស្រុកភ្នំស្រួចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ នៅក្នុងលិខិតដដែលនេះបានបញ្ជាក់ថា បន្ទាប់ពីបានចាត់មន្ត្រីនគរបាលជំនាញចុះអង្កេតស្រាវជ្រាវរួចមក ក្រសួងមហាផ្ទៃសម្រេចប្រគល់ភារកិច្ចជូនអគ្គស្នងការនគរបាលជាតិ ដោយអនុវត្តវិន័យ ទៅលើលោក អុឹង ឡាយឆាយ អធិការរងនគរបាលស្រុកភ្នំស្រួចបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។ ដោយឡែកលោកវរសេនីយ៍ទោ ទឹម ឡេង នាយការិយាល័យប្រឆាំងគ្រឿងញៀន លោកវីរៈសេនីយ៍ឯក គឹមសារឿន អនុប្រធានផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ត្រូវអប់រំព្រមានជាលាយលក្ខណ៍អក្សរ។
ក្នុងករណីនេះលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានអះអាងប្រាប់អ្នកកាសែតថា គាត់មិនទាន់បានទទួលនូវលិខិតអំពីការព្រមានជាលាយលក្ខណ៍អក្សរនោះ និងការបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិនៅឡើយទេ។
សូមបញ្ជាក់ផងដែរថា ៖ ការអនុវត្តវិធីនេះគឺបន្ទាប់ពីក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងចំនួនពីរ ពីប្រជាពលរដ្ឋដោយបានចង់ប្រកាន់ទៅលើអធិការរងស្រុកភ្នំស្រួច។ ក្នុងនោះលោកអធិការរងដែលត្រូវបានបញ្ចប់តំណែង គាត់ធ្លាប់ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារបណ្ដោះអាសន្នពាក់ព័ន្ធទៅនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋចោទប្រកាន់ ក្នុងករណីបង្ក្រាបក្លិបកំសាន្តគីរីរម្យ ជាមួយគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ។ នេះបើយោងតាមប្រកាសលេខ៦៤១០ ប្រកចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ របស់សម្ដេចក្រឡាហោម ស ខេង កន្លងទៅ។
គេកំពុងតែតាមដានថា បន្ទាប់ពីថ្នាក់លើព្រមានលោកស្នងការ និងនាយនគរបាល២រូបទៀតនោះ តើឈានដល់ការដកតំណែងដែរឬយ៉ាងណា សម្រាប់ការងារបន្ទាប់៕
ដោយ៖ សិលា