ភ្នំពេញ៖ លោក ថេង សុថុល បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចកុំឲ្យឆ្លងជំងឺកូវីដ-១៩ ព្រោះជំងឺនេះកំពុងវាយលុកនៅទូទាំងពិភពលោក ហើយបានផ្លាស់ប្តូរនូវទម្លាប់រស់នៅ និងទម្លាប់ប្រាស្រ័យទំនាក់ទំនងគ្នាដែលយើងមិនធ្លាប់មានពីមុនដូចជា ការពាក់ម៉ាស់ និងនៅគម្លាតឆ្ងាយពីគ្នាជាដើម ។ ការអំពាវនាវរបស់លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានគណៈកម្មាធិការអនុសាខាកាក បាទក្រហមកម្ពុជាខណ្ឌ ក្នុងឱកាសដឹកនាំក្រុមការងារចុះចែកអំណោយជូនប្រជាពលរដ្ឋចំនួន២០គ្រួសារនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២០ ។
លោកអភិបាលខណ្ឌបានលើកឡើងបន្តថា ដោយសារជំងឺកូវីដ-១៩ ពុំទាន់មានថ្នាំព្យាបាល ហើយឆ្លងរីករាលដាលលឿន សូម្បីតែប្រធានាធិបតីអាមេរិកក៏មានឆ្លងជំងឺនេះដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល និងពាក់ម៉ាស់ទៅតាមស្ថានភាព និងតម្រូវការចាំបាច់ជាក់ស្តែង។ សូមកុំមើលស្រាលនិងធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ ឱ្យសោះ តែក្នុងពេលនេះលោកបានសម្ដែងការត្រេកអរ ដែលបានឃើញបងប្អូនបានពាក់ម៉ាស់គ្រប់ៗគ្នា ដើម្បីចូលរួមការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ។
ជាមួយនេះ លោកប្រធានអនុសាខាកាកបាទក្រហមខណ្ឌ ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហម រាជធានីភ្នំពេញ ជូនចំពោះបងប្អូនប្រជាពលរដ្ឋយើង ទោះបីសម្ដេចមិនបានអញ្ជើញមកដោយផ្ទាល់ តែសម្ដេចបានគិតគូរខ្ពស់ចំពោះបងប្អូនដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋានចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ។
លោក ថេង សុថុល ក៏បានលើកឡើងផងដែរពីកត្តាសុខសន្តិភាពដែលថ្នាក់ដឹកនាំយើងបានតស៊ូប្រឹងប្រែងដើម្បីរំដោះ ប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្វែងរកសុខសន្តិភាពជូនប្រជាជន និងសង្គមជាតិ ព្រមទាំងជំរុញការអភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ ។ ហេតុដូចនេះហើយ យើងត្រូវចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា និងដឹងគុណសន្តិភាព ព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិលើពិភពលោក ។ អរគុណសន្តិភាព ។
លោកអភិបាលខណ្ឌ បានបន្តថា អំណោយដែលចែកជូនប្រជាពលរដ្ឋនេះ គឺជាសក្ខីភាពមួយបញ្ជាក់ឲ្យឃើញបេះដូង សប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះដោយមិនប្រកាន់ពណ៌សម្បុរ ឬសាសនា និងនិន្នាការនយោបាយណាមួយឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្តអាណិតស្រាលាញ់ និងស្របតាមពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច ។
ក្នុងឱកាសនេះដែរ លោក ថេង សុថុល ក៏បានសុំឲ្យប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងមូលដ្ឋានខណ្ឌចំការមន និងក្នុង រាជធានីភ្នំពេញ រៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងបន្តអនុវត្តវិធានអនាម័យឲ្យបានជាប់ជាប្រចាំ គឺរស់នៅស្អាត ហូបស្អាត បរិស្ថានល្អ ។ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយចំពោះអ្នកដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវប្រញាប់រួសរាន់ទៅធ្វើបណ្ណចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាផងដែរ ។
សូមបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋទទួលបាននៅថ្ងៃនេះ ដោយក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ស្ករស ម៉ាស់ រួមនឹងថវិកា ៣ម៉ឺនរៀលផងដែរ ៕ ដោយ៖ជីណា