ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាប្ដេជ្ញាអភិវឌ្ឍវិស័យទេសចរណ៍ ផ្សារភ្ជាប់ទេសចរណ៍ជនបទ កសិ, អេកូ និងសហគមទេសចរណ៍

ចែករំលែក៖

ខេត្តសៀមរាប៖ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០ ដែលធ្វើឡើងក្រោមប្រធានបទ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ» រាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ មន្ទីរ អង្គភាព អាជ្ញាធរសាធារណៈ និងផ្នែកឯកជនពាក់ព័ន្ធ បានប្ដេជ្ញារួមគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍ផ្សារភ្ជាប់ជាមួយទេសចរណ៍ជនបទ កសិទេសចរណ៍ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដើម្បីជំរុញចលនាទេសចរក្នុងស្រុកឱ្យកាន់តែរីកចម្រើនឡើង ជាមួយនឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ។

ពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០នេះ បានធ្វើឡើងក្រោមការសហការរវាងក្រសួងទេសចរណ៍ ជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋគារសុខាល័យអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប សមត្ថកិច្ចពាក់ព័ន្ធ សមាគមន៍ទេសចរណ៍ សហគមន៍ទេសចរណ៍ សាកលវិទ្យល័យ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ផ្នែកឯកជន និងភាគីពាក់ព័ន្ធផ្សេងៗទៀតសរុបប្រមាណ ២៥០នាក់ ដោយគោរពតាមវិធានសុវត្ថិភាព និងអនាម័យក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។

អង្គពិធីបានស្តាប់នូវខ្លឹមសារដែលដកស្រង់ចេញពីវីដេអូឃ្លីបរបស់លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterrres) អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក ហ្ស៊ូរ៉ាប់ ប៉ូឡូលីកាហ្ស៊ីលី (Zurab Pololikashvili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក (UNWTO) និងសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

អង្គពិធីនេះបានបង្ហាញពីគន្លឹះជាច្រើន ដោយផ្តោតសំខាន់លើចំណុចមួយចំនួន៖    

១៖ ទេសចរណ៍ ការអភិវឌ្ឍជនបទ និងកូវីដ-១៩៖ ទេសចរណ៍ គឺជាមូលដ្ឋាននៃជីវភាពរស់នៅសម្រាប់សហគមន៍ជនបទ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ តាមព្យាករណ៍របស់ UNWTO ទេសចរអន្តរជាតិនឹងធ្លាក់ចុះចន្លោះ ៦០-៨០% ក្នុងឆ្នាំ២០២០ ដូច្នេះនឹងមានផលប៉ះពាល់យ៉ាងខ្លាំងលើជីវភាពរស់នៅ និងអាជីវកម្មតាមជនបទ។ ពិភពលោកយល់ឃើញថាទេសចរណ៍ផ្ទៃក្នុងនឹងត្រឡប់មកវិញមុនទេសចរណ៍អន្តរជាតិ។ ដូចនេះប្រសិនបើមានការគ្រប់គ្រងច្បាស់លាស់ សហគមន៍ជនបទអាចនឹងទទួលបានផលចំណេញច្រើន ជាពិសេសបង្កើតឱកាសការងារ បង្កើនជីវភាពរស់នៅ និងពង្រឹងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋជាដើម។

២៖ ទេសចរណ៍ជំរុញការអភិវឌ្ឍជនបទ៖ វិស័យនេះមានសមត្ថភាពពិសេសក្នុងការគាំទ្រដល់សកម្មភាពរស់ឡើងវិញនៃសហគមន៍ជនបទ ជួយសហគមន៍មូលដ្ឋានឲ្យងើបចេញពីវិបត្តិកូវីដ-១៩ និងជំរុញកំណើនប្រកបដោយបរិយាបន្ន និងចីរភាព។ ការអភិវឌ្ឍទេសចរណ៍ជនបទ មិនត្រឹមតែផ្តល់ឱកាសការងារ និងលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការបម្រែបម្រួលអាកាសធាតុ ចំណាកស្រុក តាមរយៈសកម្មភាពនានា ដូចជា ការការពារ និងអភិរក្សបរិស្ថាន តំបន់ធម្មជាតិ បេតិកភណ្ឌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់មូលដ្ឋាន។

៣៖ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអប់រំ៖ ការអភិវឌ្ឍទេសចរណ៍ជនបទ ទាមទារឲ្យមានការយកចិត្តដាក់ខ្ពស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របតាមតម្រូវការសង្គមសេដ្ឋកិច្ច និងការវិវត្តបច្ចេកវិទ្យា។ ស្ថាប័នពាក់ព័ន្ធ ក៏មានតួនាទីដ៏សំខាន់ផងដែរ ក្នុងការធានាបាននូវការកសាងហេដ្ឋារចនាសម្ព័ន្ធរឹងឲ្យបានគ្រប់គ្រាន់ ដើម្បីធ្វើឲ្យទេសចរអាចទស្សនាកម្សាន្ត និងទទួលបានបទពិសោធន៍ល្អៗពីតំបន់ជនបទ ពិសេស អេកូទេសចរណ៍កសិទេសចរណ៍ដោយងាយស្រួល។

៤៖ ការបង្កើតការងារបន្ថែម និងកាន់តែប្រសើរក្នុងសហគមន៍ជនបទ៖ ការអភិវឌ្ឍទេសចរណ៍ជនបទបានបង្កើតការងារបន្ថែមសម្រាប់ក្រុមដែលងាយរងគ្រោះ ដូចជា ស្ត្រី យុវជនវ័យក្មេង ព្រមទាំងអ្នកដែលមានជំនាញកម្រិតទាប។ តាមរយៈពិពិធកម្មផលិតផលទេសចរណ៍ជនបទ ការងារថ្មីៗ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នឹងកើតឡើងដែលជាមូលដ្ឋានទ្រទ្រង់សេដ្ឋកិច្ចច្នៃប្រឌិត (Creative Economy)។

៥៖ ឱកាសថ្មីៗ៖ តាមរយៈការមកទស្សនារបស់ទេសចរនៅតំបន់ជនបទ សហគមន៍មានឱកាសទទួលបាននូវគំនិតថ្មី និងអាចបង្កើនសមត្ថភាពផ្នែកបច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍។ ការអភិវឌ្ឍជំនាញ ការទទួលបានហិរញ្ញវត្ថុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរឌីជីថល ការធ្វើពិពិធកម្មសេដ្ឋកិច្ច អភិបាលកិច្ចថ្មី និងការវាយតម្លៃផលប៉ះពាល់ គួរតែត្រូវបានដាក់ជាចំណុចស្នូលនៃផែនការស្តារវិស័យទេសចរណ៍ឡើងវិញ ជាពិសេសទេសចរណ៍ជនបទ ក្នុងគោលដៅអាចធ្វើឲ្យសហគមន៍អាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន។

អង្គពិធីបានចងចាំនូវគុណបំណាច់យ៉ាងថ្លៃថ្លាមិនអាចបំភ្លេចបាន និងវីរភាពដ៏អង់អាចក្លាហានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងដំណើរការបង្រួបបង្រួមជាតិ និងកសាងមាតុភូមិកម្ពុជាពីសំណល់ផេះផង់បន្សល់ទុកដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានប្រែក្លាយកម្ពុជាឲ្យមានភាពសម្បូររុងរឿងដូចបច្ចុប្បន្ន ស្មើមុខស្មើមាត់ក្នុងឆាកអន្តរជាតិ ព្រមទាំងកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងតំបន់ និងពិភពលោកផងដែរ។ អង្គពិធីបានប្តេជ្ញាថែរក្សាសន្តិភាពឲ្យស្ថិតស្ថិរគង់វង្សជាអមតៈ ទោះក្នុងតម្លៃណាក៏ដោយ និងជឿជាក់ថា «មានសន្តិភាព មានទេសចរណ៍ មានការអភិវឌ្ឍ»៕ដោយ៖សូរិយា


ចែករំលែក៖