អន្តរជាតិ៖ បើតាមទិន្នន័យពីក្រសួងកិច្ចការផ្ទៃក្នុងជប៉ុន បានអះអាងថា៖អត្រាភាពគ្មានការងារធ្វើ នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់៣ភាគរយនៅក្នុងខែសីហា ដែលនេះជាចំនួនខ្ពស់ជាងគេបំផុត មិនធ្លាប់មានពីមុនមកគិតចាប់តាំងពីឆ្នាំ២០១៧, ដោយការកើនឡើងនេះគឺបណ្តាលមកពីផលប៉ះពាល់យ៉ាងខ្លាំង ការរាតត្បាតពីជំងឺ COVID-19 ទៅលើទីផ្សារការងារនៅក្នុងប្រទេស ។
បើយោងតាមសារព័ត៌មាន CNA ដកស្រង់ពីក្រសួងកិច្ចការផ្ទៃក្នុងជប៉ុនចេញផ្សាយកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះថា តួរលេខដែលមានការកើនឡើង០,១ភាគរយ បើធៀបនឹងខែកក្កដានេះ គឺជាលើកដំបូងហើយ បើគិតចាប់តាំងពីខែឧសភា ឆ្នាំ២០១៧មក ដែលអត្រាឈរនៅកម្រិតកើនឡើង៣ភាគរយ ឬក៏ខ្ពស់ជាងនេះ។
ដោយឡែកចំពោះទិន្នន័យមួយផ្សេងទៀត ដែលបង្ហាញដោយក្រសួងការងារក៏បានបញ្ជាក់ផងដែរថា មានការងារត្រឹមតែ១០៤កន្លែងប៉ុណ្ណោះ ដែលបានបើក សម្រាប់អ្នកស្វែងរកការងារ១០០នាក់ នៅក្នុងខែសីហា, ទិន្នន័យនេះកាន់តែអាក្រក់ ដែលមានការងារ១០៨កន្លែងសម្រាប់អ្នកស្វែងរកការងារ១០០នាក់ កាលពីខែមុន។
គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលជប៉ុន បាននឹងកំពុងដោះស្រាយរួចទៅហើយ ជាមួយនឹងផលប៉ះពាល់ ដោយសារគ្រោះមហន្តរាយធម្មជាតិនិងការតម្លើងពន្ធលើការប្រើប្រាស់ មុនពេលដែលវីរ៉ុស COVID-19 បានផ្ទុះរាតត្បាតជាសកលនោះ៕ដោយ៖ស តារា