ព័ត៌មានទាន់ហេតុការណ៍៖

កុមារាអាយុ១ឆ្នាំកន្លះ លង់ទឹកស្លាប់យ៉ាងសង្វេគបណ្តាលមកពីការធ្វេសប្រហែសរបស់ស្រ្តីជាម្ដាយ

ចែករំលែក៖

     ខេត្តពោធិ៍សាត់ ៖ អាណាព្យា បាលគ្រប់រូបគួរណាស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ទើបកុមារា.កុមារីគ្រប់រូបជាបុត្រអាចគេចផុតពីការរងគ្រោះផ្សេងៗបាន ។

ជាក់ស្ដែងដូចកុមារាម្នាក់នេះ ខណ:ម្ដាយជាប់រវល់ដាំស្លទុកឲ្យកូនដើរលេងទឹកប្រឡាយក្បែរផ្ទះ តែម្នាក់ឯងបណ្ដាលឲ្យលង់ស្លាប់យ៉ាងសង្វេគ ។

 ហេតុការណ៍កុមារាលង់ទឹកបណ្ដាលឲ្យស្លាប់ខាងលើ បានកើតឡើងកាលវេលាម៉ោង៦ ល្ងាចថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចទឹកប្រឡាយខាងជើងផ្ទះរបស់ ឈ្មោះ វីន វិត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ទី វី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្ដាយកុមារារងគ្រោះ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

 អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កុមារារងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ទី នាន អាយុ ១ឆ្នាំកន្លះ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិ.ឃុំកើតហេតុ ខាងលើ។

 ប្រភពពីអាជ្ញាធរដដែលបន្តទៀតថា នេះជាការធ្វេសប្រហែសរបស់ស្រ្តីជាម្ដាយ ដោយរវល់តែដាំស្លទុកកូនប្រុសដើរទៅលេងទឹកប្រឡាយ ទើបបណ្ដាលឲ្យលង់ស្លាប់យ៉ាងសង្វេគបែបនេះ។ក្រោយមានគ្រោះថ្នាក់ក្មេងស្លាប់ដោយលង់ទឹកយ៉ាងនេះ ធ្វើឲ្យឪពុកម្ដាយសាច់ញាតិបានត្រឹមនាំគ្នាទ្រហោយំស្តាយក្រោយតែប៉ុណ្ណោះ។

យ៉ាងណាក្នុង ករណីនេះសមត្ថកិច្ចបានសហការជាមួយជំនាញចុះពិនិត្យ និងស្រាវជ្រាវ ធ្វើកំណត់ហេតុប្រគល់សពជូនឪពុកម្ដាយទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖បុឹម ពិន


ចែករំលែក៖