មានសត្វក្អែកពីរក្បាលចង់ស៊ីសត្វក្របី តែមិនដឹងស៊ីតាមវិធីណាបើក្របីធំហើយខ្លាំង ពេលនោះសត្វក្អែកពីរក្បាលរកនឹកឃើញវិធីសាស្ត្រមួយហើយក៏ហើរមកជិតក្របីសសើរក្របីថា« បងក្របីស្នែងរបស់បងមុតស្រួចល្អណាស់ហើយកម្លាំងរបស់បងខ្លាំងទៀតផង ចុះហេតុអ្វីបងឱ្យសត្វរុយល្អិតតូចៗមកខាំបឺតជញ្ជក់ឈាមបងចឹង គឺមិនសមទល់តែសោះ មេចបងមិនប្រើស្នែងដ៏ស្រួចរបស់បងវ័ធសត្វរុយឱ្យវាក្ស័យទៅ» ក្របីឭដូច្នេះហើយក៏ប្រើកម្លាំងនិងស្នែងរបស់ខ្លូនប្រឹងវ័ធសត្វរុយរហូតដល់ត្រូវខ្លូនឯងហូរឈាមលុតជង្គង់ស្លាប់នៅនិងកន្លែង។ ពេលបងក្របីដ៏មានអំណាចខ្លាំងក្លាស្លាប់ទៅបានដៃបងក្អែកម្តង ។
ពាក្យសសើរខ្លះធ្វើឱ្យត្រចៀករបស់យើងវាស្រួលស្តាប់បន្តិចមែន ប៉ុន្តែអាចធ្វើឱ្យយើងវិនាសមួយរំពេចបាន។
សត្វស្រមោចតែងតែស្លាប់ក្នុងពាងស្ករមិនដែលស្លាប់ក្នុងពាងអំបិលទេ យ៉ាងណាមិញរាល់មនុស្សទាំងអស់តែងតែចាញ់បោកអ្នកពូកែលួងលោមសសើរតែក្នុងចិត្តបង្កប់ទៅដោយភាពពិសពុល។
តែទីបំផុតមនុស្សសម្តីអាក្រក់ប៉ុន្តែចិត្តទូលាយតែងតែគេស្អប់មិនសូវរាប់រក តែបើមនុស្សផ្អែមចុងផ្អែមគល់ឆ្អិនក្បាលសុីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយបែជាគេថាជាមនុស្សឆ្លាតពូកែទៅវិញ។
ឆាវ ឆាវ តួអង្គក្នុងរឿងសាមកុកនិយាយ ពេលខ្ញុំឈឺក្បាលអ្នកត្រូវជេរខ្ញុំឱ្យច្រើនទើបខ្ញុំបាត់ឈឺ។
សុភាសិតខ្មែរថា ខ្មៅដូចព្រីង ល្វីងដូចស្តៅ លេងកុំដល់ញាតិផៅ ប្រដៅកុំលាយពាក្យខឹង។
ខ្មៅដូចព្រីង សារជាតិរបស់ព្រីងពេលខ្ចីស ពេលទុំខ្មៅ មនុស្សខ្លះខ្មៅមែនប៉ុន្តែចរឹតឫកពារសុភាពរាបសាមិនឆ្មើងឆ្មៃដាក់មនុស្សផងគ្នា។
ល្វីងដូចស្តៅ សារជាតិរបស់ស្តៅល្វីងបន្តិចមែនតែគេអាចយកទៅហូបបាន យ៉ាងណាមិញសម្តីរបស់មនុស្សខ្លះអាក្រក់ល្វីងជូរចត់បន្តិចមែនតែអាចយកជាការបាន។