ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង២ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរធនធានទឹក កាយប្រឡាយអមវិថីឈ្នះ=ឈ្នះ ចំនួន៣៧ទីតាំងដែលរងការរំលោភបំពានចាក់ដីលុបនិងដាក់លូតូចៗដែលបណ្តាលឲ្យស្ទះទឹកពេលភ្លៀងធ្លាក់យ៉ាងគំហុក និងហូរចាក់បន្ថែមមកពីស្រុកអង្គស្នូល ខេត្តកណ្តាល និងកំពង់ស្ពឺ ហើយមួយចំណែកទៀតធ្វើឲ្យកើតមានជំនន់ទឹកភ្លៀងលិចភូមិឋានប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ រួមទាំងមួយចំណែកនៃផ្លូវជាតិលេខ៤ផងដែរ។
បញ្ជានេះបានធ្វើឡើងក្នុងឱកាសដែលលោកអភិបាលរាជធានីចុះទៅពិនិត្យស្ថានភាពជាក់ស្តែងជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ប៉ែកខាងលិចរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០។ លោក ឃួង ស្រេង ក៏បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពោធិ៏សែនជ័យ និងខណ្ឌកំបូល ចុះទៅពិនិត្យជាក់ស្តែងនៅទីតាំងដែលទទួលរងនូវការលិចខ្លាំងដោយជំនន់ទឹកភ្លៀងក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដោយណែនាំឱ្យយកគ្រឿងចក្រកាយបើកមុខទឹក២កន្លែងអមផ្លូវរថភ្លើង ដើម្បីនាំទឹកទៅប្រឡាយត្រពាំងក្រសាំងធ្លាក់ទៅស្ថានីយបូមទឹកទួលសំពៅ។
ជាវិធានការដោះស្រាយរំដោះជំនន់ទឹកភ្លៀងនេះដែរ លោកអភិបាលក៏បានប្រាប់ទៅអាជ្ញាធរដែនដីពាក់ព័ន្ធត្រូវពិនិត្យមើលការរំលោភចំណីប្រឡាយនៅផ្លូវឆេកូ ក្នុងខណ្ឌពោធិ៍សែនជ័យដែលមានទទឹង៥០ម៉ែត្រនោះ ត្រូវឲ្យប្រជាពល រដ្ឋរុះរើសំណង់ដែលរំលោភនោះចេញឲ្យអស់ ដើម្បីរក្សាស្ថានភាពប្រឡាយដូចដើមវិញ។ អាជ្ញាធរត្រូវតាមដានពីស្ថានភាពនេះជាប់ជាប្រចាំ ធ្វើយ៉ាងណាចាត់វិធានការឲ្យបានទាន់ពេលវេលា ហើយក៏សូមឲ្យប្រជាពលរដ្ឋមានការយោគយល់ទៅលើផលប៉ះពាល់ ដោយ សារតែការជន់លិចដោយជំនន់ទឹកភ្លៀងនេះដែរ។
សូមបញ្ជាក់ថា៖ មានកត្តា៣សំខាន់ៗ ដែលធ្វើឲ្យភូមិសាស្ត្ររាជធានីភ្នំពេញប៉ែកខាងលិចទទួលរងការលិចលង់ខ្លាំងដោយ សារជំនន់ទឹកភ្លៀង គឺបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងរហូតដល់ ១០៥mm ក្នុងមួយវិនាទី, ផ្ទៃរងទឹកភ្លៀងដែលធ្លាប់តែទទួលចែករំលែកទឹកទៅតាមអូរ ប្រឡាយ ឬវាលស្រែនានា ត្រូវបានអភិវឌ្ឍទៅជាសំណង់លំនៅឋាន និងមួយចំណែកទៀត មានការចាក់ដីរំលោភប្រឡាយពីប្រជាពលរដ្ឋមួយចំនួន បណ្តាលឲ្យទឹកខ្វះប្រភពដែលត្រូវហូរទៅធ្វើឲ្យចាល់ទឹក មិនអាចហូរទៅណាបានក៏បណ្តាលឱ្យលិចភូមិសាស្ត្រខាងលើនេះតែម្តង៕
ដោយ៖ សំរិត