ភ្នំពេញ ៖ បុរសម្នាក់ប្រហែលជាស្រវឹងស្រាខ្លាំងហើយបានជិះម៉ូតូយ៉ាងលឿនទាំងមេឃកំពុងភ្លៀងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកAUDI Q5 ពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យការខូចខាតបែកកញ្ចក់រថយន្ត ហើយម្ចាស់ម៉ូតូរបួសរយះមុខមាត់បន្តិចបន្តួច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ស្ថិតនៅតាមបណ្ថោយផ្លូវលេខ២៧១ កែងផ្លូវលេខ៤៨០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណេីរដោយស្ត្រីម្នាក់និងកូនក្មេងផង បើករថយន្តស៊េរីរីទំនើបម៉ាក AUDI Q5 ពណ៌កណ្ដុរល្មែះ ពាក់ស្លាកលេខភ្នំពេញ2AY -9705 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើងដោយមានល្បឿនមធ្យម។ ខណៈមកដល់ចំណុចកើតហេតុខាងលើអ្នកបើករថយន្តនេះបានជាន់ហ្វ្រ័ងឈប់ព្រោះមានរថយន្តមិនចាំម៉ាកបើកឆ្លងកាត់ពីមុខ ភ្លាមនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1ID -6535 បើកដោយបុរសម្នាក់ក្នុងសភាពស្រវឹងស្រាមកពីក្រោយស្របទិសគ្នាក្នុងល្បឿនយ៉ាងលឿន និងមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តAUDIពីក្រោយពេញទំហឹងបណ្ដាលឲ្យខូចខាតកញ្ចក់ខាងក្រោយទាំងស្រុង រីឯម្ចាស់ម៉ូតូរងរបួសមុខមាត់តិចតួច ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុខាងលើដោយឃេីញមិនប៉ះពាល់សម្បត្តិរដ្ឋ ក៏បានឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូបង្កព្រមសងសំណងចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿង៕ ដោយ៖ ភារ៉ា ដង្កោ