ភ្នំពេញ ៖ រថយន្តម៉ាកFUSOដឹកទំនិញធុនយក្សមួយគ្រឿងបើកបត់ឆ្លងផ្លូវមិនផុតជ្រុលទៅបុកបង្គោលស្លាកសញ្ញាមួយដើមលើសួនចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់រាបដល់ដី កាលពីវេលាម៉ោង១១និង១០ នាទីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង កែងនឹងផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តដឹកទំនិញធុនយក្សមួយគ្រឿងម៉ាកFUSO ក្បាលពណ៌សពាក់ស្លាកលេខចង្កូតស្ដាំPP-2547បើកតាមបណ្ដោយផ្លូវវ៉េងស្រេងក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំមកផ្លូវ៣០ម៉ែត្រ តែ ដោយរថយន្តវែងពេកបត់មិនផុតក៏ជ្រុលទៅបុកបង្គោលស្លាកសញ្ញាមួយដើមនៅលើសួនចែកទ្រូងផ្លូវបាក់រាបដល់ដី ។ចំណែករថយន្តបង្ករងការខូចខាតខាងមុខផ្នែកខាងស្ដាំបន្តិចបន្តួច។ ភ្លាមៗនោះតៃកុងរថយន្តឃើញសភាពមិនស្រួលទុករថយន្តចោលរត់គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ដោយ៖ ភារ៉ា ដង្កោ