ព័ត៌មានទាន់ហេតុការណ៍៖

ឈូឈូ លេចធ្លោជាថ្មីក្នុងរឿងភាគ “ម៉ាឡែនម៉ាលីន”

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងចាប់ផ្តើមចាក់បញ្ចាំងលើកកញ្ចក់ទូរទស្សន៍បានប៉ុន្មានភាគប៉ុណ្ណោះភាពយន្តរឿង”ម៉ាឡែនម៉ាលីនទទួលបានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ព្រោះតែតារាសម្តែងពូកែសម្រក់ទឹកភ្នែក២រូប គឺកុមារី ឈូឈូ និងកញ្ញា នី មុនីនាថដែល ឈុតឆាកជាច្រើនត្រូវបានគេដឹងថាជាទិដ្ឋភាពនៃទឹកដីខេត្តសៀមរាប។

តារាស្រីវ័យ១៥ឆ្នាំរូបនេះបញ្ជាក់ដែរថា ចុងក្រោយនេះនាងទទួលបានឱកាសសម្តែងច្រើនក្នុងតំណែងតួឯករហូតផលិតកម្មជាច្រើនទំនាក់ទំនងមកប៉ុន្តែនាងស្នើមិនទទួលថតច្រើនទេព្រោះតែត្រូវទុកពេលវេលាសម្រាប់ ការសិក្សា និងការសម្តែងភាពយន្តដែលនាងសម្រេចចិត្តទទួលប៉ុណ្ណោះ ហើយនាងសង្ឃឹមថាផលិតករនឹងយោគយល់ចំពោះរឿងនេះ។ ការជួបគ្នាលើកដំបូងក្នុងការសម្តែងភាពយន្តភាគថ្មីរឿងម៉ាឡែនម៉ាលីន ដែលផលិតដោយផលិតកម្ម សាស្ត្រានោះបានធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំង។ ភាពយន្តដែលអាចទាក់ចិត្តទស្សនិកជនជារាប់សែននាក់នេះគឺជាភាពយន្តមនោសញ្ចេតនាស៊ីជម្រៅដែលអាចធ្វើឲ្យទស្សនិកជនសម្រក់ទឹកភ្នែកទៅតាមសាច់រឿងដោយមិនដឹងខ្លួន។ នាង បានសម្តែងអារម្មណ៍រីករាយក្រោយពីស្នាដៃថ្មីមួយនេះទទួលបានការពេញចិត្តច្រើនពីទស្សនិកជន។ នាងថា ភាពយន្តនេះនាងនៅតែជាតួអង្គដែលត្រូវសម្រក់ទឹកភ្នែកញឹកញាប់ព្រោះតែត្រូវជួបនឹងទុក្ខលំបាកជាច្រើនរួមគ្នាជាមួយបងស្រីដែលសម្តែងដោយកញ្ញា នី មុនីនាថ។ នាងថាឈុតពិបាកបំផុតនោះគឺឈុតកោរសក់ដែលក្រុមការងារត្រូវចំណាយពេលវេលាបិទសក់ក្បាលនាងឲ្យសមដូចពិតៗហើយមានឈុតជាច្រើនត្រូវសម្រក់ទឹកភ្នែក។ នាងថាភាពយន្តនេះជាភាពយន្តជីវិត កម្សត់សម្រក់ទឹកភ្នែកស្ទើរគ្រប់ឈុតឆាក និងមានសាច់រឿងដ៏គួរឲ្យចាប់អារម្មណ៍និងឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គម ដែលទទួលបានការគាំទ្រខ្លាំងមិនចាញ់រឿង”ពោះធំ” នោះទេមិនតែប៉ុណ្ណោះក្នុងពេលដ៏ខ្លីខាងមុខនេះ នាងក៏គ្រោងនឹងបញ្ចេញស្នាដៃសម្តែងក្នុងតំណែងតួឯកក្នុងភាពយន្តមួយចំនួនផងដែរដែលពេលនេះបាននឹងកំពុងចាប់ផ្តើមដំណើរការផលិតបានមួយចំនួនរួចហើយ៕ ដោយ៖ វឌ្ឍនា


ចែករំលែក៖