ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល បានរៀបចំវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពលោក លី ផល្លា រដ្ឋលេខាធិការក្រសួង កសិកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកស្នួល និងលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ដោយមានអញ្ជើញចូលរូមពីលោក លោកស្រី ជាសមាជិកក្រុមការងារ អជ្ញាធរក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណជា ២០០នាក់។
មានប្រសាសន៍បើកអង្គវេទិការសាធារណៈនេះ លោក លី ផល្លា បានលើកឡើងថា វេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មានគោលបំណង សួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងស្ដាប់នូវកង្វល់ បញ្ហាប្រឈម ឬសំណូមពរ សំណើររបស់ប្រជាពលរដ្ឋ និងរួមគ្នាដោះស្រាយរាល់សំណូមពរ និងសំណើរទាំងនោះដោយផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា ក្នុងរណីមិនអាចដោះស្រាយបាន ក្រុមការងារ និងរាយការណ៍ជូនរដ្ឋាភិបាល តាមឋានានុក្រម។
ក្នុងវេទិការនោះដែល មានពលរដ្ឋស្នើសុំនិងលើកបញ្ហាមួយចំនួនរួមមាន បញ្ហាបរិស្ថានដែលបុគ្គលមួយចំនួន ចិញ្ចឹមជ្រូកបណ្ដាលឲ្យមានខ្លិនស្អុយ សុំជុសជុលផ្លូវលំ សុំជុសជុលសាលារៀននៅភូមិអញ្ចាញដែលខូចខាតជាខ្លាំងស្ទើរមិនអាចឲ្យសិស្សចូលរៀនបាន សុំជុសជុលផ្លូវសាមលិញ សុំបង្កើតអនុវិទ្យាល័យនៅតំបន់ដាច់ស្រយាល ស្នើសុំសមត្ថកិច្ចចាត់វិធានការ ចំពោះល្បែងស៊ីសង់មានច្រើនក្នុងភូមិ។
ក្រោយពីបានស្តាប់នូវការលើកឡើងនិងស្នើសុំរបស់ប្រជាពលរដ្ឋ ខាងមន្ទីរពាក់ពន្ឋ័បានបកស្រាយពន្យល់ជូនភ្លាមៗ ដោយមានដំណោះស្រាយដូចជា ការបង្តើតអនុវិទ្យាល័យមិនអាចទៅបានដោយចំនួនសិស្សមានតិច សាលារៀននៅភូមិ ក្រុមការងារចុះទៅពិនិត្យក្រោយពីអង្គវេទិការបានបញ្ចាប់ នៅក្នុងភូមិមានល្បែងស៊ីសង់មានច្រើន សមត្ថកិច្ចមូលដ្ឋាននិងមានវិធានការបន្តទៅតាមគោលនយោបាយភូមិ ឃុំសុវត្តិភាព ចំពោះការសុំជួសជុលផ្លូវសាមលិញក្រុមការងារនឹងបញ្ជូនទៅថ្នាក់ជាតិជួយដោះស្រាយ និងសំណើរមួយចំនួនទៀតទុកដោះស្រាយនៅខាងថ្នាក់លើ ហើយរាល់ការពន្យល់ ដោះស្រាយរបស់ករុមការងារប្រជាពលរដ្ឋក៏បានស្ដាប់និងទទួលយកដោយការសប្បាយចិត្ត។
មានប្រសាសន៏បិទអង្គវេទិការលោក លី ផល្លា និងលោក គង់ គឹមនី បានជំរុញដល់អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រួមនិងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានត្រូវតែធ្វើយ៉ាងណាអោយមូលដ្ឋាន ភូមិ.ឃុំយើងទទួលបានសុខសុវត្តិភាព មានការអភិវឌ្ឍន៏ អោយកាន់តែរីកចំរើនឡើងបន្ថែមទៀត ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលុបបំបាត់អោយអស់នូវចំណុចអវិជ្ជមានទាំងឡាយ ដែលប្រជាពលរដ្ឋបានលើកឡើង-ខិតខំជួយដោះស្រាយរាល់ទុក្ខកង្វល់ បញ្ហាសុខភាព សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសសមត្ថកិច្ចទាំងអស់ត្រូវធ្វើការបង្ក្រាប់បទល្មើស លួច ឆក់ បទល្មើសគ្រឿងញៀន ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ លោក ក៏បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែទម្លាប់មានអនាម័យ និងចេះការពារខ្លួនឯង តាមរយៈការពាក់ម៉ាស ឬមានក្រមា មានទឹកអាកុលឬជែលនៅជាប់ខ្លួនជានិច្ច ព្រោះវិធានទាំងអស់នេះ សហគមន៍យើងនឹងគ្មានជម្ងឺកូវីដ១៩ ហើយប្រទេសកម្ពុជារបស់យើងនឹងយកឈ្នះកូវីដ១៩ជាក់ជាពុំខាន៕
ដោយ៖សិលា