ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានថ្លែងថា «យើងមិនអាចបន្តអនុញ្ញាតឱ្យអ្នកយកសំរាមធ្វើជាចំណាប់ខ្មាំងដើម្បីតថ្លៃលើការទាមទារផ្ទុយពីច្បាប់ឡើយ» ។
លោក ម៉េត មាសភក្តី ថ្លែងប្រាប់នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះថា រដ្ឋបាលរាជធានីភ្នំពេញ បានព្យាយាមសម្របសម្រួល ពន្យល់ណែនាំគ្រប់ទិដ្ឋភាព រួមទាំងទិដ្ឋភាពច្បាប់ការងារ ដល់បងប្អូនកម្មករប្រមូលសំរាមដែលកំពុងទាមទារលក្ខខណ្ឌមិនសមស្របមួយចំនួន ។
ប៉ុន្តែទោះឈរលើស្មារតីយោគយល់ចំពោះអាកប្បកិរិយារឹងរូសទាំងនេះក៏ដោយ ក៏ស្ថានភាពមិនអំណោយផលដល់ការបន្តរង់ចាំ ហើយជម្រើសនៃការប្រើកម្លាំងពលកម្មថ្មី ត្រូវតែបង្ខំចិត្តអនុវត្តដើម្បីកែប្រែស្ថានការណ៍នៃការសម្អាតទីក្រុងឡើងវិញ។
ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ , លោក ម៉េត មាសភក្តី សូមអំពាវនាវដល់បងប្អូនកម្មករប្រមូលសំរាមដែលកំពុងធ្វើកូដកម្ម សូមភ្ញាក់រលឹក និងបញ្ឈប់សកម្មភាពទាមទារខុសច្បាប់ការងារ ។ លោក ជឿជាក់ថា បងប្អូននឹងវិលត្រឡប់មកធ្វើការបំពេញតួនាទីរៀងៗខ្លួនឡើងវិញ ដើម្បី «ទីក្រុងយើងទាំងអស់គ្នាស្អាត» ។
ជាមួយគ្នានេះ លោក ម៉េត មាសភក្តី បន្តថា បញ្ហានេះពិតជាត្រូវបន្ថែមបន្ទុកដល់បងៗប្រជាការពារ និង អាជ្ញាធរភូមិ សង្កាត់ ខណ្ឌ គ្រប់ជាន់ថ្នាក់ដែលកំពុងដុតដៃដុតជើងប្រមូលកើបក្នុងអន្តរកាលមួយនេះ និងសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អស់លោកជាអាជ្ញាមូលដ្ឋាននិងបងប្អូនប្រជាការពារទាំងអស់។
លោកក៏សូមអរគុណដល់ការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្នុងស្ថានភាពដែលកំពុងដោះស្រាយនេះផងដែរ ៕ ដោយ៖ចេស្តា