ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាគ្រោងនាំយកម៉ូដសម្លៀកបំពាក់បុរាណបង្ហាញជូនពិភពលោកក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០

ចែករំលែក៖

ប្រទេសថៃ៖ កម្ពុជានឹងនាំយកម៉ូដសម្លៀកបំពាក់សម័យកាលបុរាណ បង្ហាញដល់ពិភពលោកនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍សូត្រ Thai Silk Road to the World 2020 ដែលគ្រោងរៀបចំឡើងនៅចុងខែវិច្ឆិកាឆ្នាំនេះ ដើម្បីបង្ហាញពីអារ្យធម៌ដ៏ចំណាស់របស់ប្រជាជនខ្មែរ។ នេះបើតាមការឱ្យដឹងពីលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។

នៅក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិព័រណ៍សូត្រលើកទី១០ ដែលមានការចូលរួមពីអង្គទូត វិទ្យាស្ថាន និងក្រុមហ៊ុនរចនាម៉ូដសម្លៀកបំពាក់ថៃចំនួន៤៧ លោកអ៊ូក សោភ័ណ ដែលជាសមាជិកគណៈកម្មការ បានជម្រាបជូនអង្គពិធីអំពីវត្ថុបំណងនៃការទូតសេដ្ឋកិច្ច (ពាណិជ្ជកម្ម, វប្បធម៌ និងទេសចរណ៍) អនុវត្តដោយស្ថានទូតកម្ពុជា ដែលមានសង្គតិភាព​ (ស្រប​គ្នា)​ ជាមួយនឹង​ព្រឹត្តិការណ៍ខាងលើ។

លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណគណៈកម្មការពិព័រណ៍សូត្រថៃ ដែលបានផ្តល់ឱកាសដល់កម្ពុជា ចូលរួមនៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ និងបានសន្យាបន្តធ្វើការជាមួយក្រុមហ៊ុនរចនាម៉ូដនិស្សិត និងតួអង្គពាក់ព័ន្ធ ព្រមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​កម្ពុជា​ ដើម្បីធានាបាននូវភាពអនុលោមផ្នែកប្រវត្តិសាស្ត្រ អត្តសញ្ញាណ និងម៉ូដសម្លៀកបំពាក់ខ្មែរសម័យបុរាណ។

សូមជម្រាបថា ព្រឹត្តិការណ៍ Thai Silk Road to the World ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១០ ដើម្បីជំរុញផលិតផលសូត្របែបការទូត (Silk Diplomacy) តាមរយៈការរឹតចំណងមិត្តភាព និងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសថៃ និងស្ថានទូតនៃបណ្តាប្រទេសជាមិត្ត។ ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសជូនអង្គទូតនានាធ្វើការដើរបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីផលិតចេញពីសូត្រថៃដល់មហាជននៅក្នុងកម្មវិធីរាត្រីសមោសរ៕

ដោយ៖សូរិយា


ចែករំលែក៖