ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារដោះស្រាយទំនាស់របស់អាជីវករផ្សារព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដោយមានការអញ្ជើញចូលរួមពីលោ លោកស្រីអភិបាលរងខេត្ត លោក លោកស្រីសមាជិកគណៈកម្មការចម្រុះខេត្ត ចុះដោះស្រាយទំនាស់របស់អាជីវករផ្សារព្រែកដំបូក អាជ្ញាធរស្រុក ឃុំ រួមជាមួយមន្ត្រីពាក់ព័ន្ធច្រើនទៀត។
តាមរបាយការណ៍របស់លោក ហេង វណ្ណនី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការចម្រុះខេត្ត ដើម្បីចុះដោះស្រាយទំនាស់នៅផ្សារព្រែកដំបូកនេះ បានបញ្ចាក់ថា៖ គណៈកម្មការចម្រុះបានចុះដោះស្រាយមានចំនួន ១៣លើក ដែលមានអាជីវករសរុបចំនួន ១១៤នាក់ មានតូប/គ្រែចំនួន ១៣៨តូប ក្នុងនោះមានតូបចំនួន៩៣ និង គ្រែចំនួន៤៥។ អាជីវករ ចំនួន ២៦នាក់ ដែលមានតូបចំនួន២៥ ដែលលោកអភិបាលខេត្ត បានសម្រេចដកហូតប្រគល់ជូនគណៈអាជីវករផ្សារដើម្បីគ្រប់គ្រង មានតែអាជីវកចំនួន៩នាក់ មាន៩តូប ដែលមិនព្រមប្រគល់ជូនតាមការដកហូត។ អាជីវក ចំនួន៣៧នាក់ មានតូប/គ្រែចំនួន ៤៧ ព្រមទទួលយកដោយមិនមានការរុះរើ , អាជីវករ ចំនួន ៤៧នាក់ មានតូប/គ្រែ ចំនួន ៥៧ មិនព្រមទទួលយក ទាមទារឲ្យមានការរុះរើ និង អាជីវករ ចំនួន ០៥នាក់ មានតូប/គ្រែចំនួន ០៩ បានអនុបវាទ។ ក្រុមការងារនៃគណៈកម្មការចម្រុះថ្នាក់ខេត្ត បានលើកឡើងនូវសំណូមពរ និង បញ្ហាប្រឈម ចំនួន១៤ ចំណុច ដើម្បីស្នើសុំគោលការណ៍សម្រេចដោះស្រាយ ពីឯកឧត្តមអភិបាលខេត្ត។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសម្រេច និងឯកភាព ទៅលើការស្នើសុំគោលការណ៍ ម្របសម្រួលរបស់គណៈកម្មការចម្រុះថ្នាក់ខេត្ត ដោយធ្វើការបែងចែកនូវចំណែកតូបមួយចំនួនដែលត្រូវដកហូត ដើម្បីបែងចែកពង្រីកទទឺងតូប/គ្រែ ដោយរក្សានូវប្លង់ ទីតាំងតូប/គ្រែ និង ផ្លូវដើរដដែល និង មិនអនុញ្ញាតិពង្រីកបន្ថែម ក្រៅអំពីការពិនិត្យដិះស្រាយ និង បានឯកភាពរបស់គណៈកម្មការចម្រុះខេត្ត។ ចំពោះម្ចាស់តូប ចំនួន០៧តូប ក្នុងចំណោមតូបទាំង២៥ដែលត្រូវបានដកហូតកន្លងមក បានមកប្តឹងទាមទារតូប នៅរដ្ឋបាលខេត្ត គឺលោកអភិបាលខេត្ត បានប្រគល់ជូនអាជ្ញាធរស្រុក ឲ្យបន្តដោះស្រាយជាមួយម្ចាស់តូបទាំងនោះអោយបានរួចរាល់ ដោយចាត់ទុកជាតូបដែលខេត្តបានដកហូត។ លោកអភិបាលខេត្ត បានធ្វើការណែនាំដល់គណៈកម្មការចម្រុះខេត្ត បន្តដោះស្រាយនូវបញ្ហាសេសសល់ ក្នុងជំហានទី២បន្តទៀត ឲ្យបានចប់ឲ្យបានឆាប់។
គួរបញ្ជាក់ថា កាលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញដឹកនាំវេទិកាសាធារណៈជាមួយអាជីវករផ្សារព្រែកដំបូក ដើម្បីដោះស្រាយបញ្ហានេះ។ ដោយក្នុងនោះ លោកសម្រេចដកហូតតូបចំនួន២៥ ដែលនៅសល់ប្រគល់ឲ្យប្រធានគណៈកម្មការផ្សារគ្រប់គ្រង និងបានបង្កើតគណៈកម្មការចម្រុះខេត្ត ដែលដឹកនាំដោយលោក ហេង វណ្ណនី អភិបាលរងខេត្ត ដើម្បីចុះសម្របសម្រួលនិងដោះស្រាយវិវាទ៕
ដោយ៖ សិលា