ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីដូណាល់ ត្រាំចេញពីមន្ទីរពេទ្យវិលត្រឡប់ទៅកាន់សេតវិមានវិញ

ចែករំលែក៖

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកបានវិលទៅកាន់សេតវិមានវិញ ហើយប្រកាសថានឹងបន្តសកម្មភាពឃោសនាបោះឆ្នោតក្នុងពេលឆាប់ៗនេះ​ ដើម្បីត្រៀមលក្ខណៈក្នុងការបោះឆ្នោតនៅថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០។
ក្រោយរយៈពេល​៤ថ្ងៃព្យាបាលជំងឺកូវីដ​-១៩ ​នៅព្រឹកថ្ងៃទី៦ ខែតុលា លោកត្រាំបានវិលមកកាន់សេតវិមានវិញ។ ក្រោយពេលឧទ្ធម្ភាគចក្របញ្ជូនលោកត្រាំពីមន្ទីរពេទ្យ​ Walter Reed ទៅកាន់សេតវិមាន ប្រធានាធិបតីត្រាំ មិនពាក់ម៉ាស់នោះឡើយ​។
នៅក្នុងឃ្លីបវីដេអូថ្មីបំផុត​ពីសេតវិមាន លោកត្រាំ បញ្ជាក់ថា ពលរដ្ឋអាមេរិកមិនត្រូវបារម្ភខ្លាំងពេកពីជំងឺកូវីដ​-១៩នោះឡើយ​។ លោកត្រាំបញ្ជាក់ទៀតថា អាមេរិកនឹងមានថ្នាំល្អបំផុតលើពិភពលោកដើម្បីព្យាបាលកូវីដ​-១៩​។
ក្នុងពេលដែលលោកត្រាំវិលត្រឡប់មកសេតវិមានវិញ​ គឺចំពេលលេខាព័ត៌មានសេតវិមាន​លោកKayleigh McEnany និងជំនួយការពីររូបផ្សេងទៀតគឺ Chad Gilmartin និងលោកស្រី Karoline Leavitt បានធ្វើតេស្តវិជ្ជមានចំពោះកូវីដ​-១៩ ។
គ្រូពេទ្យ​របស់លោកត្រាំ គឺវេជ្ជបណ្ឌិត Sean Conley បានបញ្ជាក់ថា លោកបានវាយតម្លៃពីសុខភាពរបស់ប្រធានាធិបតី​ ហើយស្ថានភាពជំងឺអាចឲ្យលោកត្រាំចេញពីមន្ទីរពេទ្យ​បាន។ លោក​ Sean Conley បន្តទៀតថា ​ប្រធានាធិបតីត្រាំ មិនទាន់រួចផុតពីគ្រោះថ្នាក់ទាំងស្រុងនៅឡើយទេ ប៉ុន្តែលោកនឹងទទួលបានការមើលថែសុខភាពល្អបំផុតលើពិភពលោក​ 24/7ម៉ោងនៅសេតវិមាន ។
លោកត្រាំ ធ្លាប់បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា​ លោកពិតជាមានសុខភាពល្អធម្មតា ហើយពលរដ្ឋអាមេរិកមិនត្រូវបារម្ភភ័យខ្លាចពីជំងឺនេះខ្លាំងពេកនោះឡើយ ។ ការដែលលោកត្រាំចេញពីមន្ទីរពេទ្យលឿន​អាចលុបបំបាត់ការមន្ទិលសង្ស័យ ពាក្យចចាមអារ៉ាមអាក្រក់ស្តីពីសុខភាពរបស់លោកត្រាំ​​។
អ្នកនាំពាក្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកត្រាំ​បានបញ្ជាក់ថា ប្រធានាធិបតីនឹងបន្ត តស៊ូមតិ នៅថ្ងៃទី​១៥ ខែតុលា ខាងមុខទៀត ជាមួយលោក បៃឌិន នៅទីក្រុង Miami រដ្ឋ Florida៕ដោយ៖ធី រីណា


ចែករំលែក៖