ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបាតុករសម្រុកចូលមន្ទីរឃុំឃាំងរំដោះអតីតប្រធានាធិបតី Kyrgyzstan

ចែករំលែក៖

អតីតប្រប្រធានាធិបតីKyrgyzstan លោក Almazbek Atambayev ត្រូវបានក្រុមបាតុករនៅក្នុងប្រទេសនេះ​រំដោះចេញពីមន្ទីរឃុំឃាំងនៅទីក្រុង ​Bishkek ។​ សារព័ត៌មាន RIA Novosti បានផ្សាយថា ការរំដោះអតីតប្រធានាធិបតីបានធ្វើឡើងនៅវេលាម៉ោង​៤ និង​៣០នាទី ​ថ្ងៃទី​៦ ខែតុលា ក្រោយក្រុមបាតុករសម្រុកចូលមន្ទីរឃុំឃាំង​។
កន្លងមក កូនប្រុស​អតីតប្រធានាធិបតី Almazbek Atambayev ក៏បានដឹកនាំក្រុមបាតុករ​វាយប្រហារទៅលើទីតាំងរដ្ឋាភិបាល និងអគាររដ្ឋសភា Kyrgyzstan ផងដែរ​ ដែលមានក្រុមបាតុករប្រមាណ​២ពាន់នាក់ចូលរួម​។
តាមគម្រោង​​អតីតប្រធានាធិបតី Almazbek Atambayev នឹងចូលរួមមហាបាតុកម្ម នៅទីលានAla-Too អំពាវនាវឱ្យលុបចោលលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី​៤ខែតុលា ។ ក្រុមបាតុករបាននាំគ្នាដង្ហែក្បួននៅថ្ងៃទី​៥ខែតុលា ដោយចោទប្រកាន់ ការបោះឆ្នោតមិនមានតម្លាភាព​ហើយប្រធានាធិបតី Sooronbay Jeenbejov បានទិញសន្លឹកឆ្នោតពីពលរដ្ឋ និងគំរាមកំហែងពលរដ្ឋ​។
តាមលទ្ធផលផ្លូវការ គណបក្សស្និទ្ធជាមួយរដ្ឋាភិបាល​ រួមមានគណបក្ស Birimdikនិង Mekenim Kyrgyzstan ទទួលបាន​ការគំាទ្រខ្ពស់​។ ចំណែកគណបក្ស​៤ផ្សេងទៀតគឺគ្រាន់តែមានសំឡេងគ្រប់គ្រាន់​ដើម្បីបានកៅអីក្នុងសភា ប៉ុណ្ណោះ​។
រដ្ឋាភិបាលរបស់ប្រធានាធិបតី Atambayev បានជ្រើសរើសលោក​Jeenbekov​ធ្វើជាអ្នកបន្តតំណែងនៅឆ្នាំ​២០១៧ ប៉ុន្តែក្រោយមកក៏មិនចុះសម្រុងនឹងគ្នា។ អតីតប្រធានាធិបតី ត្រូវបានចាប់ចាប់ខ្លួន នៅខែសីហាឆ្នាំ​២០១៩​ ហើយកាត់ទោសជាប់គុក​១១ឆ្នាំ​៕ដោយ៖ធី រីណា


ចែករំលែក៖